លីទុយអានីចាប់ផ្តើមផែនការសម្រាប់ខ្សែបញ្ជូនថាមពលថ្មីទៅកាន់ប្រទេសឡាតវី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋាភិបាលលីទុយអានីកាលពីថ្ងៃពុធ បានអនុម័តសេចក្តីសម្រេចមួយដើម្បីចាប់ផ្តើមរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស្វកម្មសម្រាប់ខ្សែបញ្ជូនអគ្គិសនី Varduva-Broceni ៣៣០គីឡូវ៉ាត់ដែលជាការចាប់ផ្តើមនៃដំណើរការរៀបចំផែនការដែនដីរបស់គម្រោង។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការទទួលស្គាល់របស់រដ្ឋាភិបាលនៅក្នុងខែមិថុនាអំពីគម្រោងពង្រឹងការតភ្ជាប់អគ្គិសនីលីទុយអានី-ឡាតវី ថាជាសារៈសំខាន់ជាតិ។
សេចក្តីសម្រេចនេះកំណត់គោលបំណងផែនការជាច្រើន រួមទាំងការបង្កើតគោលការណ៍ណែនាំសម្រាប់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនី ការពង្រឹងការតភ្ជាប់អគ្គិសនីជាមួយប្រទេសជិតខាង ការកំណត់ផ្លូវល្អបំផុតសម្រាប់ខ្សែបញ្ជូនថ្មី និងការរក្សាដីចាំបាច់សម្រាប់ការសាងសង់ដោយធានាបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
រដ្ឋមន្ត្រីក្រសួងថាមពលលីទុយអានី លោក លូកាស សាវីកាស(Lukas Savickas) បាននិយាយថា ការតភ្ជាប់ថ្មីជាមួយប្រទេសឡាតវីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខថាមពលរបស់ប្រទេសលីទុយអានី និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក សាវីកាស បានមានប្រសាសន៍ថា «ខ្សែបញ្ជូន Varduva-Broceni នឹងអាចឱ្យប្រើប្រាស់សមត្ថភាពបញ្ជូនឆ្លងដែនរួមគ្នាប្រកបដោយប្រសិទ្ធភាពជាងមុន និងបង្កើតលក្ខខណ្ឌកាន់តែប្រសើរឡើងសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ»។
ខ្សែបញ្ជូន Varduva-Broceni នឹងក្លាយជាតំណភ្ជាប់បញ្ជូនអគ្គិសនីទី៥ រវាងប្រទេសលីទុយអានី និងឡាតវី។ ខ្សែនេះបង្កើតបានជាផ្នែកមួយនៃគម្រោងពង្រឹងការតភ្ជាប់អគ្គិសនីលីទុយអានី-ឡាតវី ដ៏ទូលំទូលាយនៅក្នុងប្រទេសលីទុយអានី ដែលត្រូវបានកំណត់ថាជាគម្រោងដែលមានសារៈសំខាន់ជាតិ ហើយក៏ត្រូវបានបញ្ចូលក្នុងបញ្ជីគម្រោងផលប្រយោជន៍រួម(PCI) របស់សហភាពអឺរ៉ុបផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





