អង្គការ FAO រៀបចំកិច្ចប្រជុំក្រុមការងារអ្នកជំនាញស្តីពីកិច្ចសន្ទនាគោលនយោបាយភាពជាដៃគូវាងរដ្ឋ និងវិស័យឯកជន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- អង្គការ FAO បានរៀបចំកិច្ចប្រជុំក្រុមការងារអ្នកជំនាញស្តីពីកិច្ចសន្ទនាគោលនយោបាយភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជននៃគម្រោង PEARL នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយកិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ លោក ផេត ពិចរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងលោក Daniel Mate មន្ត្រីគម្រោងជាន់ខ្ពស់នៃគម្រោង PEARL។

កិច្ចប្រជុំបានឯកភាពលើប្រធានបទអាទិភាពសម្រាប់ឯកសារគោលនយោបាយថ្នាក់ជាតិ ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកសារទាំងនេះនឹងផ្អែកលើបទពិសោធន៍របស់សហគមន៍កសិករ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើវិស័យកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ការទទួលបានទីផ្សារ ហិរញ្ញវត្ថុ និងការអភិវឌ្ឍមូលដ្ឋាន។

គម្រោង PEARL ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO កំពុងជួយធានាថា សំឡេងរបស់កសិករខ្នាតតូចត្រូវបានរួមបញ្ចូលនៅក្នុងគោលនយោបាយនាពេលអនាគត ដែលនឹងបង្កើតឱកាសកាន់តែប្រសើរឡើង បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ជីវភាពរស់នៅប្រកបដោយចីរភាព។

ក្នងកិច្ចប្ជុំនោះមានកាចូលរួមពីតំណាងមកពីក្រសួងនានារបស់រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ អង្គការស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នាដើម្បីពិនិត្យមើលទិន្នន័យ និងព័ត៌មានដែលប្រមូលបានពីវេទិកាសាធារណៈនានា ដែលបានធ្វើឡើងនៅខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ៕
ដោយ ណយ នឿន (ប្រភព៖ FAO)





