អតីតយោធិន គឺជាស្ថាបនិក និងជាប្រតិបត្តិករដ៏សំខាន់នៃនយោបាយឈ្នះ-ឈ្នះ ដែលបានបន្សល់ទុកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា អតីតយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ មិនត្រឹមតែជាអ្នកមានគុណបំណាច់ចំពោះជាតិប៉ុណ្ណោះទេ ប៉ុន្តែពួកគេ គឺជាស្ថាបនិក និងជាប្រតិបត្តិករដ៏សំខាន់នៃ «នយោបាយឈ្នះ-ឈ្នះ» ដែលបានបន្សល់ទុកនូវស្នាដៃធំធេង បញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងនាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិសម្រាប់កម្ពុជា។ ការថ្លែងគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ០៩។

នាឱកាសដ៏មានអត្ថន័យនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកបំផុតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនចំពោះអតីតយោធិន និងគ្រួសារទាំងអស់។ លោកមេបញ្ជាការ ក៏បានសម្តែងនូវការគោរព និងរំលឹកដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាល និងវីរៈអាវុធហត្ថ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងជីវិត ក្នុងសមរភូមិដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជននាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តថា បន្ទាប់ពីបញ្ចប់សង្គ្រាម អតីតយុទ្ធជនយើងបានផ្លាស់ប្តូរដៃកាន់អាវុធមកចូលរួមយ៉ាងសកម្មក្នុងការកសាង ស្ដារហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ វីរភាពទាំងនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ជានិច្ចពីប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់សោធន៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភផ្សេងៗពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាសមាគមអតីតយុទ្ធជន និងវត្តន៍ជនកម្ពុជា ដើម្បីធានាបាននូវជីវភាពរស់នៅសមរម្យ។

ដើម្បីជាការលើកទឹកចិត្ត និងចែករំលែកការលំបាក ក្នុងពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តល់អំណោយឧបត្ថម្ភជូនដល់អតីតយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ សរុបចំនួន ៨៩នាក់ (ក្នុងនោះ យោធិនចូលសោធននិវត្តន៍ ៥៣នាក់ យោធិនពិការ ១៤នាក់ និងគ្រួសារយោធិនពលី/មរណៈ ២២នាក់) ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន ០២ការ៉ុង (៥០គីឡូក្រាម) មីចំនួន ០២កេស ទឹកសុទ្ធចំនួន ០៤កេស ទឹកក្រូចកម្ពុជាកូឡាចំនួន ០៤កេស ព្រមទាំងថវិកាលើកទឹកចិត្តចំនួន ២០ម៉ឺនរៀលផងដែរ៕
ដោយ៖ ឈុន សារ៉ាត





