អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អភិបាលក្រុង ស្រុក ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសឡូតូ កន្ទុយលេខ និងជល់មាន់តាមអនឡាញជាបន្ទាន់ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល។ លោកជំទាវមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបានលើកយកកំណត់ហេតុច្បាស់លាស់ឱ្យដឹងថា ខែមុនមានបញ្ហាអ្វីខ្លះដែលមិនទាន់បានដោះស្រាយជូនប្រជពលរដ្ឋ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលអភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុអទាំង ៣ប្រភេទ អាជ្ញាធរដែនដីឃុំ-សង្កាត់ ការិយាល័យជំនាញចំណុះស្រុក និងអ្នកពាក់ព័ន្ធនានាជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរបស់ខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ។ ពិសេសការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងមានប្រសិទ្ធិភាព ព្រមទាំងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ហើយត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះឱ្យបានកាន់តែល្អថែមទៀត ។

ទន្តឺមនឹងនេះដែរ លោកជំទាវ បានបន្តថា សម្រាប់អនុវត្តការបង្ក្រាបល្បែងស៊ីសងនេះ បើធ្វើមិនបាននោះ មេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយស្រុក ក្រុង។ ក្រុងស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ត្រូវតែដឹកនាំបង្ក្រាបឱ្យអស់នូវបទល្មើសនេសាទខុសច្បាប់។ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ អភិបាលក្រុង ស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ-ចៅសង្កាត់ ប្រជាការពារ និងមេភូមិ ត្រូវមានប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។

ថ្លែងក្នុងបរិបទនេះ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា ត្រូវរៀបចំផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយដោយកំណត់ឱ្យថ្នាក់ឃុំ-សង្កាត់ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អដែលជាសក្ដានុពលទេសចរណ៍នៅក្នុងខេត្តរបស់យើង ហើយត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិមានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ និងបរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕
ដោយ៖ បៃ ស៊ីថុន





