អភិបាលស្រុកស្ទោងអំពាវនាវឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគដីដើម្បីបើកពង្រីកផ្លូវ និងប្រព័ន្ធធារាសាស្ត្រសង្គ្រោះស្រែចម្ការពីគ្រោះរាំងស្ងួត
AKP កំពង់ធំ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានឱ្យចូលរួមសហការ និងស្ម័គ្រចិត្តបរិច្ចាគដីធ្លី ឬផលប៉ះពាល់បន្តិចបន្តួច ដើម្បីបើកផ្លូវឱ្យបានទូលំទូលាយ និងស្តារកសាងប្រព័ន្ធធារាសាស្ត្របន្ថែមដើម្បីសង្គ្រោះស្រែចំការនៅពេលរាំងស្ងួត។ លោកអភិបាលស្រុកបានអំពាវនាវដូចនេះក្នុងពេលចុះសិក្សាផ្ទាល់ដល់មូលដ្ឋាន ដើម្បីសិក្សាលម្អិតពីផលប៉ះពាល់ក្នុងការត្រៀមកសាងប្រព័ន្ធធារាសាស្ត្រថ្មីៗដើម្បីជាផ្លូវគមនាគមន៍ និងជាប្រព័ន្ធស្រោចស្រពដ៏សុវត្ថិភាពក្នុងការសង្គ្រោះស្រែស្រូវកសិករនៅក្នុងឃុំចំនួន៥ នៃស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន បានបង្កឱ្យមានបាតុភូតគ្រោះរាំងស្ងួត និងការអូសបន្លាយនៃរដូវប្រាំង ដែលធ្វើឱ្យប្រភពទឹកធម្មជាតិមួយចំនួនរីងស្ងួត ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងដំណាំរួមផ្សំរបស់បងប្អូនកសិករ ហើយបើគ្មានផ្លូវដឹកជញ្ជូនល្អ និងគ្មានប្រឡាយទឹកត្រឹមត្រូវទេ កសិករយើងនឹងនៅតែប្រឈមមុខនឹងហានិភ័យខាតបង់ជានិច្ចនៅពេលជួបគ្រោះរាំងស្ងួត។ ការលះបង់ដីបន្តិចបន្តួចនៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគតដ៏រឹងមាំសម្រាប់កូនចៅ និងសហគមន៍ទាំងមូលរបស់យើង។

លោកបានបន្ថែមថា ការរួមដៃគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការបើកផ្លូវ និងសាងសង់ប្រឡាយទឹក នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងរួមជាច្រើនដូចជា ធានាបានប្រភពទឹកស្រោចស្រព ប្រឡាយទឹកថ្មី ឬប្រឡាយដែលបានស្តារឡើងវិញ នឹងអាចនាំទឹកផ្ទាល់ទៅដល់ស្រែចម្ការដែលនៅឆ្ងាយ បង្កើនលទ្ធភាពបង្កបង្កើនផលបានកាន់តែសុវត្ថិភាពជាងមុន ងាយស្រួលធ្វើដំណើរ និងដឹកជញ្ជូន ហើយផ្លូវដែលបានពង្រីក និងកែលម្អ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានលឿន ធានាតម្លៃ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ក្រុមការងារបច្ចេកទេសនឹងចុះសិក្សាទីតាំងដោយផ្ទាល់ និងមានតម្លាភាពបំផុតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយចៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះ អាជ្ញាធរស្រុកស្ទោង ក៏បានស្វែងរកកិច្ចអន្តរាគមន៍ និងការគាំទ្រថវិកាបច្ចេកទេសបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ។ អាជ្ញាធរស្រុកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាកសាងអនាគតវិស័យកសិកម្មក្នុងស្រុកស្ទោងឱ្យកាន់តែរុងរឿង និងមានចីរភាព៕
ដោយ៖ ស៊ុម វណ្ណា





