វត្តដំណាក់ក្រុងសៀមរាប រៀបចំសូធ្យព្រះត្រៃបិដក ដើម្បីទ្រទ្រង់ព្រះពុទ្ធវចនៈ និង ចម្រើនបញ្ញា
AKP សៀមរាប ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៦--ព្រះគ្រូចៅអធិការវត្តដំណាក់ក្រុងសៀម រាប ខេត្តសៀមរាប បានដឹកនាំព្រះសង្ឃអាចារ្យគណៈកម្មការវត្តនិងពុទ្ធបរិស័ទជិតឆ្ងាយបានរៀបចំសូធ្យព្រះត្រៃបិដកដើម្បីទ្រទ្រង់ព្រះពុទ្ធវចនៈនិង ចម្រើនបញ្ញា ។ កម្មវិធីបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ព្រះធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅ អធិការវត្តដំណាក់បានមានថេរដីកាឱ្យដឹងថា កម្មវិធីសូធ្យព្រះត្រៃបិដកនាពេលនេះ គឺជាលើកទី៣ សម្រាប់វត្តដំណាក់ ហើយការសូធ្យព្រះត្រៃបិដក គឺដើម្បីទ្រទ្រង់ព្រះពុទ្ធវចនៈ ចម្រើនបញ្ញា រក្សានូវមរតកដ៏អស្ចារ្យរបស់ព្រះសម្មាស ម្ពុទ្ធជាម្ចាស់ ពោល គឺព្រះឱវាទ ជាពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ចម្រើនបញ្ញាស្មារតី គោរពគុណផង និង ចម្រើនបុណ្យ ព្រមទាំងដើម្បីលើកកម្ពស់ និង ផ្សព្វផ្សាយនូវសាសនៈឱ្យទូលំទូលាយផងដែរ ។ 
ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បានមានថេរដីកាថា វត្តដំណាក់ជាវត្តមួយដែលបានគិតគួររៀបចំពិធីសាសនានាបានល្អប្រសើរជាងបណ្តាវត្តនានាក្នុងខេត្តសៀមរាប ហើយ ក៏ជាវត្តដែលបានគិតគូររៀបចំកម្មវិធីសូត្រព្រះបិដកមុនគេក្នុងខេត្តផងដែរ ។
ព្រះមេគណខេត្តសៀមរាបមានសង្ឃដី កាបន្តថា ការសូធ្យព្រះត្រៃបិដក គឺដើម្បីទ្រទ្រង់ព្រះពុទ្ធវចនៈ និង ជាការ រក្សាឫសគល់នៃព្រះសាសនា និង ចម្រើនបញ្ញា ដោយការ យកពន្លឺនៃធម៌នោះមកបំភ្លឺចិត្តគំនិតខ្លួនឯង តាមរយៈការសូត្រដោយមានសតិ យល់ន័យ និង យកមកបដិបត្តតាម ។

ព្រះអង្គបន្ថែមថា ការសូធ្យព្រះត្រៃបិដក គឺជាការអភិរក្ស និង លើកស្ទួយមរតកព្រះធម៌ដ៏វិសេសវិសាល ដែលព្រះសម្មា សម្ពុទ្ធបានត្រាស់សម្តែង ហើយការសូធ្យមិនត្រឹមតែជាការគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែជាការចងចាំ និង សិក្សាឈ្វេងយល់នូវឱវាទរបស់ព្រះអង្គ ការសូធ្យ ឬស្វាធ្យាយធម៌វិន័យ ដើម្បីយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃព្រះត្រ័យបិដក គឺជាឃ្លាំងផ្ទុកនូវពាក្យប្រៀនប្រដៅដ៏ជ្រាល ជ្រៅរបស់ព្រះអង្គ ។ ការអាន ស្តាប់ ឬសូធ្យព្រះធម៌ទាំងនេះ ជួយឱ្យយើងឱ្យយល់ច្បាស់ពីសេចក្តីពិតនៃជីវិត ការបណ្តុះបណ្តាលសីលធម៌ និងការអភិវឌ្ឍបញ្ញាញាណឆ្ពោះទៅរកសេចក្តីស្ងប់ក្នុងចិត្ត។

ការសូធ្យធម៌ ឬការសូធ្យព្រះត្រៃបិដក មិនមែនជាការសូធ្យដើម្បីតែជាពិធីបុណ្យ ឬគ្រាន់តែជឿលើសិរីសួស្តីនោះទេ ប៉ុន្តែវាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅទាក់ទងនឹងការអភិរក្សពុទ្ធវចនៈ និងការអភិវឌ្ឍផ្លូវចិត្ត-បញ្ញា ។ ការសូធ្យធម៌ដែលនាំឱ្យកើតបញ្ញា គឺទាមទារឱ្យមាន ការសូធ្យដោយសតិ និងការពិចារណា (មិនមែនសូធ្យតែមាត់ ប៉ុន្តែចិត្តអណ្តែតអណ្តូងនោះទេ)។
ក្នុងនាមព្រះអង្គផ្ទាល់ក៏ដូចជា មន្ត្រីសង្ឃ សូមត្រេកអរសាទរ និង លើកទឹកចិត្តឱ្យបន្តកម្មវិធីនេះឱ្យច្រើនដង និង ជាប្រចាំដើម្បីបានបុណ្យកុសលផង និង បានការចេះដឹងថ្មីៗបន្ថែមទៀតផងនូវពុទ្ធវចនៈរបស់ព្រះដ៏មានព្រះភាគនៃយើង ព្រម ទាំងដើម្បីឱ្យពុទ្ធបរិស័ទបានបំពេញសទ្ធាជ្រះថ្លាផង ។

សូមបញ្ជាក់ផងដែរថា ពិធីសូធ្យព្រះត្រៃបិដកនេះ គឺចាប់ពីថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័កព.ស.២៥៧០ រហូតដល់ថ្ងៃច័ន្ទ ១៣ កើត ខែឆ្នាំដដែល ត្រូវនិងថ្ងៃទី២៣ ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៦ ៕
ដោយ ៖ឃុត សៅ





