ក្រុមប្រតិភូអ្នកសារព័ត៌មាន១៥ស្ថាប័នចូលរួមជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និង សហគមន៍តំបន់ការពារធម្មជាតិដាំដើមឈើ ដើម្បីបង្កើនភាពបៃតង និងសម្រស់ធម្មជាតិភ្នំខ្នងផ្សារ
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ប្រតិភូអ្នកសារព័ត៌មាន១៥ ស្ថាប័ន ស្មើនឹង២០នាក់ បានមកដល់តំបន់ខ្នងផ្សារ នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមស្វែងយល់ ពីការអភិវឌ្ឍគោលដៅលម្ហែបៃតង តំបន់ភ្នំខ្នងផ្សារ ដែលបានបង្កើតឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មូលដ្ឋាន ធ្វើការអភិវឌ្ឍជីវភាពគ្រួសារ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ថាប្រតិភូអ្នកសារព័ត៌មានទាំងអស់ដែលធ្វើដំណើរមកដល់នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមធ្វើការដាំដើមក្ងោកជាច្រើនដើម អមសងខាងផ្លូវ ចេញពីវត្តតាំងបំពង់ ឆ្ពោះទៅដំណាក់ដំរី ជើងភ្នំខ្នងផ្សារ។

លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបាន លើកឡើងថា សកម្មភាពនេះក្នុងគោលបំណងបង្កើនសោភ័ណភាព បង្កើតម្លប់ និងទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរមកកម្សាន្តនៅតាមតំបន់ការពារធម្មជាតិ។ ការដាំដើមឈើនៅពេលនេះ ឆ្លើយតបផ្ទាល់ទៅនឹងសសរស្តម្ភទី២ គឺ«ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្នុងនោះ ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ រាប់លានដើមក្នុងមួយឆ្នាំៗ ដើម្បីបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាធនធានធម្មជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងលម្ហែបៃតងភ្នំខ្នងផ្សារ បានបង្កើតឡើង នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា រៀបចំផ្លូវធ្វើដំណើរចេញវត្តតាំងបំពង់ ឆ្ពោះមកជើងភ្នំខ្នងផ្សារ ចំងាយជាង៧គម កន្លែងសម្រាកដំណាក់ដំរី ដែលមានក្លោងទ្វារធំ មណ្ឌលព័ត៌មាន ចំណតឡាន ហាងកហ្វេ បន្ទប់ទឹក ផ្សារសហគមន៍ ផ្លូវថ្មើជើងឡើងទៅលើភ្នំ និងតំបន់ទេសភាពជាដំណាក់ៗ ចំនួន៧ដំណាក់ ជូនសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង សម្រាប់ជាជម្រើសមុខរបរថ្មី បម្រើសេវាកម្មទេសចរណ៍ និងដឹកនាំគម្រោងដោយផ្ទាល់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញការដាំដើមឈើបន្ថែមនៅក្នុងសហគមន៍ ក្នុងនោះ ដើមក្ងោកចំនួន១៤០០ដើម ត្រូវដាំអមតាមដងផ្លូវចូលពីភូមិតាំងបំពង់ មកដំណាក់ដំរី ជើងភ្នំខ្នងផ្សារ។ «ការពង្រីកចលនាដាំដើមឈើ» តាមទីសាធារណៈ សាលារៀន វត្តអារាម និងដងផ្លូវ (ដូចជាការដាំដើមក្ងោកនៅតំបន់ភ្នំខ្នងផ្សារ) ក៏ដូចជាការដាំស្តារព្រៃ ជួយពង្រឹងប្រព័ន្ធអេកូឡូស៊ី បង្កើនភាពស្អាត ភាពបៃតងសម្រាប់ការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា តំបន់លម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ជាមួយព្រំប្រទល់ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការអភិវឌ្ឍ ជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញ ចាប់ដើមឆ្នាំ២០២៥ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ បានចូលរួមអនុវត្ត ដោយក្រសួងបរិស្ថាន រួមជាមួយក្រសួងស្ថាប័នមួយចំនួនពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង៕

ដោយ៖ មករា





