អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាក្តៅឱ្យក្ដាប់ស្ថិតិទីតាំងស្នាក់នៅប្រមូលផ្តុំ និងពង្រឹងការបង្ក្រាបបទល្មើស Online Scams ក្នុងស្រុកស្វាយចេក ដោយគ្មានការលើក លែង
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ បាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាពខ្ពស់ លុះត្រាតែមានការចូលរួមប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចស ហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ការថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម អ៊ុំ រាត្រី អញ្ជេីញជាអធិបតីភាពក្នុង «កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ» សម្រាប់រដ្ឋបាលស្រុកស្វាយចេក ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកស្វាយចេក នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងទៅកាន់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួល ឯកឧត្ដមអភិបាលខេត្ត បានជំរុញឱ្យបង្កើនកិច្ចសហការ និងការទទួលខុស ត្រូវខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់បទល្មើសច្ចេកវិទ្យាឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដើម្បីប្រែក្លាយស្មារតីនៃច្បាប់ និងអនុក្រឹត្យនេះឱ្យទៅជាសកម្មភាពជាក់ស្តែង ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវវិធានការគន្លឹះ និងទិសដៅការងារសំខាន់ៗនោះការចុះស្រោចស្រពព័ត៌មានដល់មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន នគរបាលរដ្ឋបាល និងប្រជាការពារ ត្រូវចុះអប់រំផ្សព្វផ្សាយខ្លឹមសារច្បាប់ឱ្យបានស៊ីជម្រៅ និងទូលំទូលាយដល់គ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្ន និងមិនធ្លាក់ជារងគ្រោះ។

ការគ្រប់គ្រងមុខសញ្ញា និងស្ថិតិស្រួចស្រាវ (អនុក្រឹត្យលេខ០៣)សមត្ថកិច្ចពាក់ព័ន្ធត្រូវក្តាប់ឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុតនូវស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នតាមផ្ទះសំណាក់ បន្ទប់ជួល និងទីតាំងរស់នៅប្រមូលផ្តុំនានាក្នុងភូមិសាស្ត្រស្រុកស្វាយចេក។
ការអនុវត្តច្បាប់គ្មានការលើកលែង សមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដោយ «មិនត្រូវមានការយោគយល់ ឬបណ្តែតប ណ្តោយ» ឱ្យមានសកម្មភាពល្មើសច្បាប់ ឬការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ខេត្ត ក៏បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ផ្ទះសំណាក់ និងបន្ទប់ជួលទាំងអស់ ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចជំនាញ ដោយត្រូវរាយការណ៍ និងផ្តល់ព័ត៌មានជូនអាជ្ញាធរភ្លាមៗ ប្រសិនបើពិនិត្យឃើញ ឬមានការសង្ស័យលើសកម្មភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងទីតាំងរបស់ខ្លួន ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ៕
ដោយ៖ឈុនសារ៉ាត





