ឯកឧត្ដម ហាក់ សុខហេង ចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក នៅក្រុងស៊ីអាន ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអ៊ីនធឺណិតពិភពលោក (World Internet Conference) កាលពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស៊ីអាន ប្រទេសចិន។

ក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមរដ្ឋលេខាធិការ ហាក់ សុខហេង បានចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តី និងបានថ្លែងសុន្ទរកថាក្នុងវេទិកាស្តីពីនវានុវត្តន៍និងការអភិវឌ្ឍរួមគ្នានូវបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ (Agentic AI) ដោយផ្តោតលើសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមាន ក.ប.ទ. ជាសេនាធិការ លើការងារបញ្ញាសិប្បនិម្មិត រួមមានការពង្រឹងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការចាប់យកនិងការប្រើប្រាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ច ជាពិសេសប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ។ យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិតនឹងដើរតួនាទីជាមគ្គុទ្ទេសក៍យ៉ាងសំខាន់ក្នុងការចាប់យក ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត រួមទាំងបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារផងដែរ ។

សនិ្នសីទនេះ រៀបចំឡើងដើម្បីពិភាក្សា ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍផ្លូវសូត្រឌីជីថល ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីប្រមាណ ៥០ប្រទេសនិងតំបន់ អង្គការអន្តរជាតិ វិស័យឯកជន និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៨០០នាក់ ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





