គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រគល់ភារកិច្ចជូនគណៈកម្មការទី៥ និងទី៩ ព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចាំបាច់ចំនួន៤
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦–បន្ទាប់ពីរដ្ឋសភាបានបញ្ជូនសេចក្តីព្រាងច្បាប់មកកាន់ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៥ មានដូចខាងក្រោម៖

១.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ ២.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។ ៣.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់។ ៤.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ ៥.បញ្ហាផ្សេងៗ។

ក្រោយពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៤ ខាងលើនេះ ដើម្បីនាំយកយោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាពេលខាងមុខ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





