ស្មារតីមនុស្សធម៌ឥតរើសអើង! អនុសាខាកាកបាទក្រហមស្រុកព្រះនេត្រព្រះ នាំយកអំណោយ និងសាររំលែកទុក្ខចុះដល់ផ្ទះពលរដ្ឋខ្វះខាត
AKPបន្ទាយមានជ័យថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៦---ប្រកាន់ខ្ជាប់នូវបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ហឿន វិរ: អភិបាលស្រុក និងជាប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមប្រតិបត្តិអនុសាខាស្រុក ក្រុមកាក បាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត ចុះផ្ទាល់ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦ គ្រួសារ ស្ថិតនៅក្នុងភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ហឿន វិរ: បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំ ណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោក កែវ ប៊ុនយឿង ប្រធានកិត្តិយសអនុសាខាស្រុក, ឯកឧត្ត ម ឌិត ទីណា ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។
លោកប្រធានអនុសាខាស្រុក បានគូស បញ្ជាក់យ៉ាងស៊ីជម្រៅថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែដិតអារម្មណ៍ និងយកចិត្តទុក ដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយ ឬវណ្ណៈអ្វីឡើយ ស្របតាមបាវចនា និងស្មារតីប្រតិបត្តិ «ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា»។

បន្ថែមលើសពីការផ្តល់ជំនួយសង្គ្រោះបឋម លោក ហឿន វិរ: បានបន្តជម្រុញ និងណែនាំបងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើទិដ្ឋភាពសំខាន់ៗសុវត្ថិភាពក្នុងរដូវវ ស្សា ដោយសារជារដូវដែលមានភ្លៀងខ្យល់ និងខ្យល់កន្ត្រាក់ខ្លាំង លោកបានរំលឹកឱ្យបងប្អូនរៀបចំចងរឹតផ្ទះសម្បែងឱ្យបានរឹងមាំឡើងវិញ ព្រមទាំងយកចិត្តទុកដាក់ពិនិត្យភ្លើងចង្រ្កាន និងប្រព័ន្ធចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះអគ្គិភ័យ ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
ការថែទាំសុខភាព និងអនាម័យ លោកបានដាស់តឿនឱ្យពលរដ្ឋអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «តិចខ្លាញ់ តិចអំបិល តិចស្ករ» ហាត់ប្រាណជាប្រចាំ ពិសាអាហារចម្អិនបានឆ្អិនល្អ រស់នៅមានអនាម័យបរិស្ថានជុំវិញផ្ទះ និងគេងក្នុងមុងជានិច្ចដើម្បីការពារជំងឺគ្រុនឈាម។ ករណីមានបញ្ហាសុខភាព ឬឈឺថ្កាត់ ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនដល់គ្រួសារខ្វះខាតទាំង ៦ គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី ៨កញ្ចប់, ទឹកស៊ីអ៊ីវ ៣ដប, ទឹកត្រី ៣ដប និងទឹកសុទ្ធ ១យួរ ដើម្បីជួយសម្រាលទុក្ខធុរៈ និងការលំបាកចំពោះ មុខបានមួយកម្រិត៕
ដោយ៖ឈុនសារ៉ាត





