វគ្គបណ្តុះបណ្តាលកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--នាខេត្តបាត់ដំបង នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាល «កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម (អាជីវកម្មខ្ញុំ)» ដោយមានការចូលរួមពីមន្ត្រីជាគ្រូដឹកនាំ និងសម្របសម្រួល នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន១៥ គ្រូឧទ្ទេស ម្ចាស់អាជីវកម្មចំនួន១៥ និងយុវជនចំនួន ៩០នាក់មកពីខេត្តចំនួន១៥។

ក្នុងឱកាសនេះ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ព្រមទាំងដៃគូសហការ ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មនាពេលនេះ។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» មានគោលបំណងជួយយុវជនដែលមានក្តីស្រមៃ និងចំណង់ចំណូលចិត្តក្នុងការធ្វើអាជីវកម្ម ព្រមទាំងជួយជំរុញឱ្យមានផ្នត់គំនិត និងបំណិនសហគ្រិនភាព តាមរយៈការបណ្តុះបណ្តាលជំនាញសរសេរគម្រោងអាជីវកម្ម ការចុះសិក្សា និងអនុវត្តជាក់ស្តែងដល់ទីតាំងអាជីវកម្ម ឬក្រុមហ៊ុន ការបង្ហាញសមត្ថភាពតាមរយៈការចូលរួមប្រកួតប្រជែងចំនួន ២វគ្គការជំរុញឱ្យយុវជនមានទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន ការបណ្តុះបណ្តាលជំនាញទន់ បំណិនជីវិត បំណិននវានុវត្តន៍ ព័ត៌មានវិទ្យា និងការនិយាយជាសាធារណៈ ការផ្តល់ឱកាសឱ្យពួកគេបានបង្ហាញសក្តានុពល បង្កើតបណ្តាញទំនាក់ទំនងជាមួយសហគ្រិន គ្រូដឹកនាំ បុគ្គលដែលមានឥទ្ធិពលក្នុងសង្គម និងចេះបង្កើតនូវផលិតផលគំរូ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





