លោកឧត្តមសេនីយ៍ទោ ហេង សុផល ជួបសំណេះសំណាលជូនដំណើរមន្ត្រីនគរបាលជាតិ ចំនួន៧៥ រូបទៅបណ្តុះ បណ្តាលនៅសាលានគរបាលជាតិភូមិភាគ៤
AKPកំពង់ធំថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសម្ដែងការស្វាគមន៍ ចំពោះវត្តមានអាណាព្យាបាលនិងសូមចូលរួមអបអរសាទរចំពោះប្អូនៗ ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ ២០២៥ ចំនួន១៣១ រូបឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កា ត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក្នុងនោះមន្ត្រីនគរបាលចំនួន ៧៥រូបត្រូវបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាឱកាសនេះ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ ដល់សិក្ខាកាមទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គសិក្សា ខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ពិចារណាអំពីមេរៀន ដែលបង្ហាត់បង្រៀនដោយគ្រូបង្គោល និងសាកសួរនូវចំនុចទាំង ឡាយដែលប្អូនៗមិនទាន់បានយល់ច្បាស់ និងចូលរួមពិភាក្សាដែលជាកត្តាទទួលបាននូវការយល់ដឹងបន្ថែម មិនត្រឹមតែប៉ុណ្ណោះស្របតាមសម័យបច្ចេកវិទ្យាមានភាពរីកចម្រើននាពេលបច្ចុប្បន្ន យើងអាចសិក្សាស្រាវជ្រាវមេរៀន បានគ្រប់ទីកន្លែងតាមរយៈបណ្ដាញអ៊ីនធឺណេត និងបណ្ដាញសង្គមនានា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោស្នងការបានផ្ដាំផ្ញើ ដល់សិក្ខាកាម ត្រូវមានស្មារតីអំណត់ អត់ធ្មត់ តស៊ូ ពុះពាររាល់ឧបសគ្គ បង្កើនសាមគ្គីភាពក្នុងកិច្ចការងារជាក្រុម ចេះជួយគ្នាទៅវិញទៅមក និងយកចិត្តទុកដាក់ថែទាំសុខភាព ដើម្បីត្រៀមខ្លួនបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសម្តែងនូវក្តីជឿជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់នឹងវិលត្រឡប់ទៅបំពេញការងារនៅតាមអង្គភាពរៀងៗខ្លួន ដោយនាំយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តក្នុងតួនាទី ភារកិច្ចប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕
ដោយ៖ ស៊ុមវណ្ណា





