ក្រសួងសង្គមកិច្ច បើកវគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួស ចំពោះកុមារ នៅខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្ដុះបណ្តាលស្តីពី បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង។

ឯកឧត្តម រដ្ឋលេខាធិការ តូច ចាន់នី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារដែលបានកែសម្រួលថ្មី ដល់មន្ត្រី នៃមន្ទីរ ស.អ.យ រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដើម្បីជាមូលដ្ឋានក្នុងការណែនាំដល់អង្គការ សមាគមន៍លើការងារគ្រប់គ្រង និងផ្តល់សេវាថែទាំជំនួសចំពោះកុមារ និង ពង្រឹងសមត្ថមភាពមន្ត្រីបង្គោលនៃមន្ត្រី ស.អ.យ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពនៃការផ្តល់សេវាថែទាំជំនួស ដូចបានកំណត់នៅក្នុងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៤ ។

ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច លោកស្រី អភិបាលរងខេត្តបាត់ដំបង លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្តបាត់ដំបង លោកស្រីអនុប្រធានមន្ទីរស.អ.យ ខេត្តបាត់ដំបង តំណាងទីចាត់ការអន្តរវិស័យនៃរដ្ឋបាលរាជធានី ខេត្ត មន្ត្រីបង្គោលទទួលបន្ទុកការងារកុមារនៃមន្ទីរស.អ.យ ទាំង២៥រាជធានី ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





