ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ៨០០ កន្លែង
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៦ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ចំនួន ១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
គម្រោងទាំងនេះ រួមមាន÷ គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង ។

គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤ ប៊ីលានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៤៩១ នេះ រួមមាន ៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៣៥, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសិក្សាអំពីបរិយាកាសវិនិយោគបច្ចុប្បន្ននៅខេត្តព្រះសីហនុ ពាក់ព័ន្ធស្ថានភាពពិភពលោក តំបន់ និង ក្នុងស្រុក ដោយបានសម្ភាសជាមួយម្ចាស់គម្រោង និង សង្កេតអំពីស្ថានភាពវិនិយោគនៅក្នុងខេត្ត ។ ជាលទ្ធផល, អ្នកឆ្លើយសម្ភាស យល់ថា វិធានការថ្មីៗរបស់រាជរដ្ឋាភិបាល បាន និង កំពុងបង្កើត និង ស្តារទំនុកចិត្តវិនិយោគ ដែលតាមនេះ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និង ទេសចរណ៍ នៅបន្តមានសកម្មភាព ហើយសកម្មភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅមានសញ្ញាណល្អប្រសើរ ស្របពេលដែលក្រសួងស្ថាប័ន ក្រុមការងារ និង រដ្ឋបាលខេត្តព្រះសីហនុ បាន និង កំពុងបន្តខិតខំទាក់ទាញវិនិយោគ ។ ទន្ទឹមនេះ, វិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុ មាននិន្នាការប្រើប្រាស់វត្ថុធាតុដើម ពីរោងចក្រសហគ្រាសក្នុងស្រុក ដូចជា ឈើដាំក្នុងស្រុក កម្ទេចឈើ ម្សៅដំឡូងមី កៅស៊ូ និង អំបិល ជាដើម ។ និន្នាការនេះ ជាកាលានុវត្តភាពបន្ថែមសម្រាប់ការវិនិយោគ ដែលទាមទារឱ្យមានការបន្តជំរុញ គាំទ្រ និង សម្របសម្រួល ពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើកិច្ចការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធ និង ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ស្របតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានជោគជ័យ ហើយត្រូវធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់ ដើម្បីដោះស្រាយបញ្ហារបស់វិនិយោគិន "ជាកញ្ចប់" និង មានសង្គតិភាព ។ រាល់ការសម្របសម្រួលនីតិវិធី ការផ្តល់ការលើកទឹកចិត្ត និង ការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ធុរជន ត្រូវតែធ្វើឡើងដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ដោយតម្កល់ផលប្រយោជន៍ជាតិជាចម្បង ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ៕
ដោយ ទូច វលក័្ខណ (ប្រភព÷ ក្រសួងសេដ្ឋកិច្ច)





