អបអរសាទរចំពោះការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន
AKPភ្នំពេញថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦– អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ក្នុងចេញផ្សាយនៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះក្រសួងកសិកម្មបានចាត់ទុកថានេះគឺជាការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និងបងប្អូនអាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

គួរបញ្ជាក់ថានា កន្លងមកនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនក្រុមហ៊ុនចំនួន៦ ឱ្យធ្វើការទំនាក់ទំនងជាមួយគយចិនដើម្បីនាំសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសមួយនេះ តែពេលនេះមានតែក្រុមហ៊ុនមួយប៉ុណ្ណោះទទួលបានការអនុញ្ញាតពីគយចិនមុនគេ។


ដោយឡែកលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានបញ្ជាក់ឱ្យដឹងថាក្រុមហ៊ុនដែលត្រូវបានចិនអនុញ្ញាតជាផ្លូវការក្នុងការនាំចេញសំបុកត្រចៀកកាំដំបូងគេនេះមានឈ្មោះ«Best Life Product Co., Ltd.» ។ក្រុមហ៊ុននេះកំពុងរៀបចំដើម្បីធ្វើការបញ្ជូនសំបុកត្រចៀកកាំសម្រាប់ការនាំចេញក្នុងពេលឆាប់ៗនេះ។

ជាមួយនឹងការអនុញ្ញាតជាផ្លូវការនាំចេញសំបុកត្រចៀកកាំ ដំបូងគេជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះដែរប្រធានសមាគមត្រចៀកកាំខ្មែរ សង្ឃឹមជឿជាក់ថានឹងជួយពង្រឹងគុណភាពសំបុកត្រចៀកកាំក្នុងប្រទេសកម្ពុជាទាំងគុណភាព និង បរិមាណ។ព្រមជាមួយគ្នានេះលោកក៏រំពឹងដែរថាទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានឹងល្អបន្ថែមទៀតដែលនេះជាផ្នែកមួយសំខាន់សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ មករា





