អភិបាលរងខេត្តកំពង់ធំជំរុញឱ្យមន្ត្រីផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកភាពផ្ទៃក្នុងឱ្យបានល្អ
AKP កំពង់ធំ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានជំរុញឱ្យក្រុមការងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានការឯកភាពផ្ទៃក្នុងឱ្យបានល្អ។ លោកបានជំរុញដូចនេះក្នុងកិច្ចប្រជុំគាំទ្របច្ចេកទេស និងពិនិត្យលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។
លោកងួន រាសីបានលើកឡើងថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីនីតិវិធី និងដំណើរការនៃការផ្តល់សេវាជូនដល់អ្នកធ្វើអាជីវកម្មសត្វ ក៏ដូចជាអ្នកប្រកបរបររកស៊ីផ្សេងទៀតដែលពាក់ព័ន្ធ ព្រមទាំងអត្ថប្រយោជន៍ដែលទទួលបាន និងបញ្ហាប្រឈមនានាដែលបានកើតឡើងជាមួយនឹងការស្វែងរកយន្តការដោះស្រាយសមស្របមួយ ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។


លោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានឃើញក្រុមការងារពាក់ព័ន្ធទាំងអស់សហការគ្នាបញ្ចេញមតិយោបល់ បញ្ហាប្រឈមនានាដោយបូកបញ្ចូលនូវឯកសារគតិយុត្តិដើម្បីធ្វើឱ្យកិច្ចប្រជុំនេះប្រកបដោយភាពស៊ីចង្វាក់គ្នានឹងយល់គ្នាបានកាន់តែច្បាស់ព្រមទាំងបន្តកិច្ចសហការជាមួយគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កិច្ចប្រជុំនេះបានសបញ្ជាក់ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ពិសេសអង្គភាពច្រកចេញចូលតែមួយ ក្នុងការពន្លឿននីតិវិធីក៍ដូចជាការចូលរួមសហការ និងដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា ដើម្បីឱ្យកិច្ចការនេះឆ្ពោះទៅមុខបានរលូន គឺយើងទាំងអស់គ្នាត្រូវតែមានការចូលរួម និងឯកភាពផ្ទៃក្នុងឱ្យបានល្អដើម្បីទប់ស្កាត់នូវបញ្ហាមួយចំនួនដែលបានកើតឡើង។


ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោក ងួន រាសី ដែលបានចូលរួមសម្របសម្រួលធ្វើឱ្យកិច្ចប្រជុំគាំទ្របច្ចេកទេនេះប្រកបដោយផ្លែផ្កាជាវិជ្ជមានក្នុងការឆ្លើយតបគោលបំណង និងឈ្នះឈ្នះទាំងអស់គ្នា ព្រមទាំងតំណាងជំនាញពាក់ព័ន្ធទាំងអស់បន្តអនុវត្តន៍ភារកិច្ចកាន់តែប្រសើរឡើងបន្តទៀត៕
ដោយ ស៊ុម វណ្ណា





