នាយក FBI សហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយមន្ត្រីកម្ពុជា ដើម្បីដោះស្រាយប្រតិបត្តិការបោកប្រាស់ តាមប្រព័ន្ធអនឡាញលើពលរដ្ឋអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ដើម្បីជួបពិភាក្សាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញ ដែលនៅបន្តតម្រង់គោលដៅមកលើពលរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ដែលបានបណ្តាលឱ្យមានការខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ ពីជនរងគ្រោះជាជនជាតិអាម៉េរិក។ បញ្ហានេះ នៅតែជាអាទិភាពកំពូលមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក សូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ហើយកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលលុបបំបាត់បណ្តាញបោកប្រាស់តាមអនឡាញខុសច្បាប់។

ទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនអនឡាញ រួមទាំងការបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តន្ទាទោស ដើម្បីចាប់ ក្រុមមេខ្លោងបោកប្រាស់កម្រិតខ្ពស់ និងការលើកកម្ពស់ការចែករំលែកព័ត៌មានគ្នា ពាក់ព័ន្ធនឹងមន្ត្រីដែល រួមគំនិត និងម្ចាស់ទីតាំងប្រតិបត្តិការបោកប្រាស់ទាំងនោះ។
សហរដ្ឋអាមេរិក ក៏គាំទ្រពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ និងការទទួលខុសត្រូវខាងផ្លូវច្បាប់ព្រហ្មទណ្ឌ ចំពោះប្រតិបត្តិករបោកប្រាស់តាមអនឡាញ បុគ្គលរួមគំនិត និងបុគ្គលពាក់ព័ន្ធក្នុងបទល្មើសជួញដូរមនុស្សនានា។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការការពារប្រជាពលរដ្ឋពីបណ្តាញឧក្រិដ្ឋជនទាំងនេះ៕
ដោយ៖ រិទ្ធី





