កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ
AKP ត្បូងឃ្មុំ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦-- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ក្រោមអធិបតីភាពលោកជំទាវ ឡេង សុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗប្រចាំខែ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រារព្ធឡើងនៅសាលប្រជុំ (ខ) នៃសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ នី ចាន់ធីតា ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ លោកជំទាវ ឡេង សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់សហការគ្នាបានយ៉ាងល្អ ក្នុងការងារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពស្ត្រីនិងកុមារនៅក្នុងខេត្ត។ លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ ផ្សារភ្ជាប់ទៅនឹងរបៀបវារៈនៃកិច្ចប្រជុំថា៖ ការកែសម្រួលសមាសភាពគណៈកម្មាធិការនាពេលនេះ គឺជាការរៀបចំរចនាសម្ព័ន្ធការងារឱ្យកាន់តែមានភាពរឹងមាំ និងតម្រង់ទិសឱ្យចំគោលដៅ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឹមនឹងនេះ សូមអង្គប្រជុំទាំងមូល យកចិត្តទុកដាក់ពិនិត្យ និងវាយតម្លៃឱ្យបានម៉ត់ចត់ ទាំងលើកំណត់ហេតុចាស់ និងរបាយការណ៍ប្រចាំខែកក្កដា ដើម្បីយើងអាចឆ្លុះបញ្ចាំងពីចំណុចខ្លាំង បញ្ហាប្រឈមនានា និងរួមគ្នាដាក់ចេញនូវទិសដៅដោះស្រាយសម្រាប់កិច្ចប្រជុំបន្ទាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំ អង្គប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងអនុម័តនូវចំណុចសំខាន់ៗចំនួន ០៤ រួមមាន៖ ទី១. ការអានសេចក្តីសម្រេច៖ អង្គប្រជុំបានអានសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០០៥/២៤ សសរ/តឃ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។ ទី២. ការពិនិត្យ និងអនុម័តកំណត់ហេតុ៖ អង្គប្រជុំបានធ្វើការពិនិត្យ និងអនុម័តយ៉ាងល្អិតល្អន់ លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត កន្លងមក។ ទី៣. ការពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍៖ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដើម្បីបូកសរុបលទ្ធផលការងារ និងវាយតម្លៃសមិទ្ធផលដែលសម្រេចបានក្នុងខែនេះ។ ទី៤. បញ្ហាផ្សេងៗ និងទិសដៅបន្ត៖ អង្គប្រជុំបានផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងអំពីរបៀបវារៈ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅសាលប្រជុំ (ខ) នៃសាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសម្រេចលទ្ធផលជាផ្លែផ្កាស្របតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងគោលដៅបន្តលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់ស្ត្រីនិងកុមារនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងមូល៕
ដោយ ហ៊ីម លុកម៉ាន





