ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធជួបប្រជុំស្ដីពីការរៀបចំទិវាគ្រូបង្រៀន ឆ្នាំ២០២៦
AKPភ្នំពេញថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦– ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំទិវាគ្រូបង្រៀន ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គការយូណេស្កូ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូបដើម្បីបែងចែកការទទួលខុសត្រូវ និងពិភាក្សាសម្រេចលើសមាសភាពសំខាន់ៗនៃកម្មវិធី រួមមាន ១.ការកំណត់ប្រធានបទស្នូលឱ្យស្របតាមបរិបទនៃការកែទម្រង់វិស័យអប់រំបច្ចុប្បន្ន ២.ការរៀបចំផែនការសកម្មភាព និងបែងចែកភារកិច្ចជូនអនុគណៈកម្មការផ្សេងៗ (ផ្នែកខ្លឹមសារ ពិធីការ សន្តិសុខ និងព័ត៌មានផ្សព្វផ្សាយ) និង ៣.ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ សមាគមគ្រូបង្រៀន និងស្ថាប័នពាក់ព័ន្ធក្នុងការគាំទ្រទាំងថវិកា និងបច្ចេកទេស។

ក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សម្រាប់ឆ្នាំ២០២៦ នេះក្រសួងមានបំណងរំលេចពីគុណតម្លៃនៃគរុកោសល្យទំនើបក្នុងការលើកកម្ពស់បំណិនសតវត្សទី២១ ឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស និងរង្វាយតម្លៃសមត្ថភាពអន្តរជាតិ (PISA) តាមរយៈការរៀបចំវេទិកាចែករំលែកចំណេះដឹងពីគ្រូសាលារៀនជំនាន់ថ្មី និងវិទ្យាស្ថានគរុកោសល្យ PTEC និង BTEC បន្ថែមពីលើការប្រឡងតែងនិពន្ធ ស្មូតកំណាព្យ និងការបង្ហាញសមិទ្ធផលនានារបស់គ្រូបង្រៀនដូចរៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងរៀបចំទិវាគ្រូបង្រៀន៥តុលាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសម្តែងការដឹងគុណ លើកតម្កើង និងផ្ដល់កិត្តិយសដល់លោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការផ្ទេរចំណេះដឹង ព្រមទាំងលើកកម្ពស់តម្លៃសង្គមនៃអាជីពគ្រូបង្រៀនក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





