ក្រសួងព័ត៌មាន៖ ការផលិតព័ត៌មានទាមទារទស្សនវិស័យយុទ្ធសាស្ត្រ មិនមែនពឹងផ្អែកតែលើបច្ចេកទេសប៉ុណ្ណោះទេ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦---
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផលិត និងផ្សាយព័ត៌មាន មិនមែនពឹងផ្អែកត្រឹមតែលើបច្ចេកទេសនៃការសរសេរ ឬថតរូបភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យមានការគិតគូរជាលក្ខណៈយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះសភាពកា រណ៍ជាក់ស្តែងក្នុងមូលដ្ឋាន។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មា ននិងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។

ឯកឧត្តម ទេព អស្នារិទ្ធ បានរម្លឹកថា៖«ការផលិតព័ត៌មានគឺជា យុទ្ធសាស្ត្រផ្សព្វផ្សាយដ៏មានឥទ្ធិពល ក្នុងការរំលេច និងលើកតម្កើងរាល់សមិទ្ធផលការងារពិតប្រាកដនៅក្នុងខេត្តដើម្បីជម្រាបជូនសាធារណជន។ ក្នុងនាមជាសេនាធិការព័ត៌មានជូនរដ្ឋបាលខេត្ត មន្ត្រីជំនាញត្រូវមានទស្សនវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការគ្រប់គ្រងប្រៀបលើសមរភូមិព័ត៌មាន និងបំភ្លឺមតិសាធារណៈឱ្យបានទាន់ពេលវេលា ដោយឆ្លុះបញ្ចាំងពីការរីកចម្រើនជាក់ស្តែង យល់ដឹងពីតម្រូវការប្រជាពលរដ្ឋ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារផលប្រយោជន៍សាធារណៈ»។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យបានលើកទឹកចិត្តដល់មន្ត្រីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជាពិសេសក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ឱ្យបង្កើនភាពបុរេកម្ម ក្នុងការរៀបចំផែនការផលិតមាតិកាឱ្យបានច្បាស់លាស់ និងឆ្លើយតបទាន់ការពេញនិយមក្នុងសង្គមឌីជីថល។
ជាងនេះទៀត ឯកឧត្តមបានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមល ក្ខណៈជានិច្ច។
ក្រៅពីនេះឯកឧត្តមអ្នកនាំពាក្យក្រសួង ព័ត៌មាន បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុង និងក្រៅមូលដ្ឋាន ដើម្បីធានាការផ្ដល់ ផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្ត។ ការផ្ដល់ព័ត៌មានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីសំណាក់អាជ្ញាធរ មិនត្រឹមតែជួយដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ដែលអាចនាំឱ្យមានការប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់ផ្នែក ពិសេសមន្ទីរព័ត៌មាន និងសាធារណមតិ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានចេតនាមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត និងថ្នាក់ដឹក នាំរាជរដ្ឋាភិបាល ដោយព័ត៌មានអវិជ្ជមា នទាំងនោះត្រូវបានបន្សាបដោយព័ត៌មានពិតប្រាកដជាបន្តបន្ទាប់។
លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានទទួលយកអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីយកទៅអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ។ លោកយល់ថា កិច្ចប្រជុំតម្រង់ទិសនេះ នឹងផ្ដល់នូវចំណេះដឹង និងជំនាញបន្ថែមដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងអាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងបានយ៉ាងរហ័ស និងទាន់ពេលវេលា។
ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធ ភាពការងារផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដូចជា គេហទំព័រ ហ្វេសប៊ុក និងតេឡេក្រាម ព្រមទាំងវិទ្យុជាតិចំការចេក និងទូរទស្សន៍ជាតិខេត្តបាត់ដំបង ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋទាំងអស់៕
ដោយ៖ ប៊ុនរិទ្ធ





