លោកជំទាវ ញ៉ែម មរកត៖ អត្តពលិករាំចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ីនឹងត្រឡប់មកវិញជាមួយមេដាយ មិនដៃទទេទេ
AKP កណ្តាល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ប្រតិភូកីឡារាំកម្ពុជាសរុបចំនួន២២នាក់បានចេញដំណើរហើយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមប្រកួតកីឡារាំ ជ្រើសរើសជើងឯកអាស៊ី និងអាស៊ាន ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធកីឡារាំកម្ពុជាបានលើកបង្ហាញសមត្ថភាពបច្ចេកទេសរបស់អត្តពលិកថា ការចូលរួមប្រកួតលើកនឹងលើកនេះ ពួកគាត់នឹងនាំមកនូវមេដាយជូនជាតិមាតុភូមិ ដោយមិនមែនត្រឡប់មកវិញជាមួយនឹងដៃទទេនោះទេ។

នេះជាការគូសបញ្ជាក់របស់លោកជំទាវ ញ៉ែម មរកត នៅក្នុងឱកាសអញ្ជើញជូនដំណើរលើកទឹកចិត្តដល់ប្រតិភូកីឡារាំ រួមជាមួយថ្នាក់ដឹកនាំសហព័ន្ធ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ និងមន្ត្រីជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល។
លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់កម្រិតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ដោយសហព័ន្ធកីឡារាំកម្ពុជាបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរាំងកម្ពុជាឱ្យចូលរួមប្រកួតទទួលបានបទពិសោធន៍អន្តរជាតិ ហើយក៏ជាការពង្រឹងសមត្ថភាពក្រុមជម្រើសជាតិឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺដណ្តើមមេដាយជូនជាតិមាតុភូមិផងដែរ។ កាលពីព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២៥ ដែលប្រទេសវៀតណាមទទួលធ្វើម្ចាស់ផ្ទះ គឺអត្តពលិករាំកម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង រហូតដល់១៧គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿងគួរជាទីមោទនៈ។

ជាមួយគ្នានេះ នៅក្នុងចំណោមកីឡាករ កីឡាការិនីទាំងអស់ ក៏មានក្រុមថ្នាលផងដែរ ដែលសហព័ន្ធបានបញ្ជូនពួកគាត់ឱ្យចូលរួមប្រកួតប្រជែងដោយមិនត្រឹមតែផ្តល់ឱកាសជូនដល់ពួកគាត់ឱ្យទទួលបានបទពិសោធន៍ក្នុងការប្រកួតកម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យក្រុមថ្នាលដណ្តើមមេដាយជូនជាតិដូចគ្នាផងដែរ ពីព្រោះពួកគាត់សុទ្ធតែពូកែៗ។ លោកជំទាវបានបង្ហាញសុទិដ្ឋិនិយមថា ឱ្យតែមានការអញ្ជើញឱ្យចូលរួមប្រកួតពីអន្តរជាតិ ឬមានការប្រកួតកម្រិតអន្តរជាតិណាក៏ដោយ ក៏សហព័ន្ធបន្តកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបញ្ជូនអត្តពលិករាំកម្ពុជាឱ្យបានចូលរួមប្រកួត បើទោះបីជាសហព័ន្ធលំបាកបែបណាក្តី ក៏សហព័ន្ធប្រឹងប្រែងកៀគរការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានា ក៏ដូចជាការស្នើសុំឱ្យមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
លោកជំទាវ ញ៉ែម មរកត បានសង្កត់ធ្ងន់បែបនេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជា ទាំងនាងខ្ញុំផ្ទាល់ ទាំងអនុប្រធាន អគ្គលេខាធិការ និងគ្រូបង្វឹកក៏ដូចជាគណៈកម្មាធិការប្រតិបត្តិទាំងអស់ទាំងអស់ពិតជាមានជំនឿចិត្តយ៉ាងមុតមាំថា កីឡាករ កីឡាការិនីរាំកម្ពុជានឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន មិនដែលត្រឡប់មកវិញដោយដៃទទេនោះទេ ឱ្យតែការប្រកួតនោះកំណត់អាយុឱ្យមានភាពប្រហាក់ប្រហែលគ្នា។ នាងខ្ញុំជឿជាក់ថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃវិលត្រឡប់មកដល់មាតុប្រទេសវិញ គឺកីឡាករ កីឡាការិនីរាំកម្ពុជានឹងនាំយកនូវមេដាយមកជូនជាតិមាតុភូមិរបស់យើងជាក់ជាមិនខាន»។

ជាមួយគ្នានេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានជម្រាបជូនថា ប្រតិភូកីឡារាំមានចំនួនសរុប ២២នាក់ រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ-កីឡាការិនី ១៨នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី ១០ នាក់៕
ដោយ ហេង ណាលីន





