សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍បំណងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា នៅតំបន់ព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា ជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងនោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរចំពោះលោក Thomas Andrews ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា បេសកកម្មរបស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះ លោក Thomas Andrews បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្តល់ឱកាសឱ្យរូបលោក និងគណៈប្រតិភូបានចូលជួប។ លោកបានចាត់ទុកថា ការជួបពិភាក្សានេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកក៏បានរម្លឹកកពីបទពិសោធន៍របស់ខ្លួន កាលធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយបញ្ជាក់ថា មិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកំពូលដូចនៅកម្ពុជានោះទេ។

លោក Thomas Andrews ក៏បានកោតសរសើរកម្ពុជា ថា ជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ លោក នឹងចុះទៅពិនិត្យដោយផ្ទាល់ នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ទន្ទឹមនេះ លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស ជាពិសេសការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។
ជាការឆ្លើយតបសម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេស អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយកអនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្ដេចតេជោបានលើកឡើងថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ក្នុងឱកាសនោះ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា គ្មានប្រទេសណាមួយអាចអនុវត្តន៍វិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែមានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។ សម្ដេចតេជោបានសម្ដែងក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ជឹម ណារី





