ផ្លូវនិងប្រឡាយទឹកថ្មី ភ្ជាប់ពីតំបន់អភិវឌ្ឍទៅវត្តទួលព្រះធាតុជាចំណងដៃដ៏មានសក្តានុពលសម្រាប់សហគមន៍
AKP កំពង់ធំ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦--លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានលើកឡើងថា ផ្លូវនិងប្រឡាយទឹកថ្មីភ្ជាប់ពីតំបន់អភិវឌ្ឍទៅវត្តទួលព្រះធាតុជាចំណងដៃដ៏មានសក្តានុពលសម្រាប់សហគមន៍។
លោក ផាង វី បានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីៗ នៅក្នុងភូមិសាមក្អោកឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ។
លោកផាង វីបានសង្កត់ធ្ងន់ថា ផ្លូវថ្មីនេះ បានកាត់បន្ថយពេលវេលា និងការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋយ៉ាងច្រើន ផ្តល់ភាពងាយស្រួលដល់បងប្អូនចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងការធ្វើដំណើរមកធ្វើបុណ្យទាន និងកសាងកុសលនៅវត្តទួលព្រះធាតុ ជាទីសក្ការបូជាដ៏ថ្លៃថ្លារបស់មូលដ្ឋាន និងជាការតភ្ជាប់តំបន់អភិវឌ្ឍក្នុងការធ្វើចរាចរណ៍ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ចេញចូលរវាងតំបន់អភិវឌ្ឍនិងសហគមន៍ជុំវិញ ជំរុញឱ្យតម្លៃដីធ្លី និងឱកាសអាជីវកម្មក្នុងមូលដ្ឋានមានការកើនឡើង។

ទន្ទឹមនឹងការស្ថាបនាផ្លូវ ការជីកនិងស្តារប្រឡាយទឹកថ្មីនេះគឺជាការឆ្លើយតបចំទិសដៅចំពោះបញ្ហាខ្វះខាតទឹកស្រោចស្រព ព្រោះប្រឡាយទឹកថ្មីនេះប្រៀបដូចជាសរសៃឈាមបេះដូង ដែលនាំទឹកស្រោចស្រពទៅកាន់ស្រែចំការរបស់ប្រជាកសិករ ជួយឱ្យពួកគាត់អាចបង្កបង្កើនផលបានទាំងរដូវវស្សា និងរដូវប្រាំង ដោយមិនបារម្ភរឿងខ្វះខាតទឹកដូចមុនឡើយ។កាត់បន្ថយហានិភ័យគ្រោះធម្មជាតិគឺជួយរំដោះទឹកក្នុងរដូវវស្សា ការពារការលិចលង់ក្នុងទីរួមស្រុកស្ទោង និងស្រែស្រូវចំការច្បារដំណាំពលរដ្ឋនិងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងថែមទៀត។

ជាមួយគ្នានេះលោកផាង វីប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាក៏បានសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីក្រុមការងារពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការដើម្បីឱ្យគម្រោងមួយនេះលេចចេញជារូបរាងឡើងដ៏ត្រចះត្រចង់។លោកបានអំពាវនាវ និងផ្តាំផ្ញើបន្ថែមដល់សហគមន៍ទាំងមូលត្រូវរួបរួមគ្នារក្សាការពារផ្លូវនិងប្រឡាយទឹកនេះ ចូលរួមសហការកាប់ឆ្ការព្រៃ ឬកាកសំណល់ផ្សេងៗ ដើម្បីកុំឱ្យស្ទះចរន្តទឹក និងរក្សាប្រភពទឹកឱ្យស្អាតជានិច្ចព្រោះសមិទ្ធផលផ្លូវនិងប្រឡាយទឹកថ្មីនេះ មិនត្រឹមតែជាមោទនភាពរបស់ឃុំទ្រាប៉ុណ្ណោះទេប៉ុន្តែជាសាក្សីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចុះមូលដ្ឋានក្នុងការលើកកម្ពស់គុណភាពជីវិត និងស្វែងរកសុខទុក្ខនិងឆ្លើយតបបានយ៉ាងទាន់ពេលវេលា និងជាក់ស្ដែងបំផុតដល់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក។

ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទួលព្រះធាតុទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា និងលោក ផាង វី ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលបានគិតគូរយកចិត្តទុកដាក់ធ្វើផ្លូវថ្មីនិងប្រឡាយទឹកសម្រាប់អភិវឌ្ឍមូលដ្ឋាននៅក្នុងឱកាសនេះ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវលំចំនួន១ខ្សែមានប្រវែង១.៣០០ម៉ែត្រ ស្ថិតក្នុងតំបន់អភិវឌ្ឍឆ្ពោះទៅកាន់វត្តទួលព្រះធាតុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បច្ចុប្បន្នការសាងសង់សម្រេចបានលទ្ធផលប្រមាណជាង៩០%នៃគម្រោងហើយ៕
ដោយ៖ ស៊ុម វណ្ណា





