ចិនស្វែងរកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បាននិយាយកាលពីថ្ងៃអង្គារថា ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប៉ាណាម៉ា នៅគ្រប់វិស័យកំពុងបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
លោក លីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប៉ាណាម៉ាក្នុងវិស័យផ្សេងៗ បានបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ និងបំពេញតាមការរំពឹងទុករួមរបស់ប្រជាជន»។
នៅពេលមុននេះបន្តិច អនុរដ្ឋមន្ត្រីការបរទេសប៉ាណាម៉ា លោក ខាឡូស អាទូរ៉ូ ហូយ៉ូស បាននិយាយថា ប្រទេសប៉ាណាម៉ា និងចិន បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីពង្រីកកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រទ្វេភាគី ហើយភាគីទាំងពីរកំពុងអនុវត្តនីតិវិធីអនុម័តក្នុងស្រុកដែលចាំបាច់។
អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា «ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃសមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសប៉ាណាម៉ា»។
កិច្ចពិភាក្សាជាមួយភាគីចិនមានការចូលរួមពីតំណាងអាជ្ញាធរសមុទ្រប៉ាណាម៉ា និងក្រសួងដឹកជញ្ជូនចិន។ ប្រទេសប៉ាណាម៉ាបានផ្តួចផ្តើមកិច្ចប្រជុំនេះបន្ទាប់ពីការកើនឡើងជាង ៣០០% នៃចំនួននៃការរឹតបន្តឹង និងការឃុំខ្លួនដែលពាក់ព័ន្ធនឹងនាវាដែលមានទង់ជាតិប៉ាណាម៉ានៅកំពង់ផែចិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





