ពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណនៅខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃពុធទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន លោកយាយជី តាជី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយសរុបប្រមាណ ៨០០អង្គ-នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមប្រធាន និងគណៈអធិបតី ព្រមទាំងពុទ្ធបរិស័ទ បានរៀបចំពិធីក្រុងពលី ព្រមទាំងបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ និងសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ចាប់ផ្ដើមបើកការដ្ឋានសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្ត។

គណៈអធិបតីបានដង្ហែដុំបឋមសិលា ដើម្បីបញ្ចុះក្នុងរណ្ដៅសីមា និងបានបូជានូវគ្រឿងសក្ការៈ និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ ព្រមទាំងនិមន្ដព្រះសង្ឃដើម្បីចម្រើនព្រះធម៌ពហូទេវាឆ្លង។

ជាកិច្ចបញ្ចប់ នៃអង្គពិធី បានដង្ហែដើមពោធិព្រឹក្ស ទៅដាក់ដាំក្នុងទីតាំងដែលបានរៀបចំទុក ដើម្បីឧទ្ទិសជាកុសលផលបុណ្យ និងទុកជាទីតាំងសក្ការៈបូជា៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





