ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការ "៣កុំ ៣បំបាត់" និងរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម
AKP តាកែវ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីបន្តការពារនិងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះហានិភ័យនៃជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អមដំណើរដោយលោកវេជ្ជបណ្ឌិត ហ៊ីង សាមិត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃកប្បាស ក្រុមការងារកម្មវិធីគ្រុនឈាម និងអជ្ញាធរមូលដ្ឋានឃុំ-ភូមិ បានអញ្ជើញដឹកនាំក្រុមការងារ ចុះអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបង្ក្រាបប្រភពចម្លងជំងឺគ្រុនឈាម។ដោយចុះបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំអាបែតក្នុងពាងទឹក អាងទឹក ដើម្បីការពារ ទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋបានចំនួន390ខ្នង ដែលមានគ្រួសារចំនួន407គ្រួសារ។ពិធីនេះធ្វើឡើងនៅក្នុងភូមិត្រពាំងរាំងឃុំស្នោស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៦។
មានប្រសាសន៍ផ្ដាំផ្ញើ និងអំពាវនាវយ៉ាងទទូចនាឱកាសនោះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា សុខភាពនិងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារ គឺជាអាទិភាពចម្បងបំផុត។ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ឱ្យមានប្រសិទ្ធភាពខ្ពស់និងរឹងមាំ គឺទាមទារចាំបាច់នូវការចូលរួមយ៉ាងសកម្ម ពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈការអនុវត្តប្រចាំថ្ងៃនូវវិធានការ "៣កុំ ៣បំបាត់" ឱ្យបានខ្ជាប់ខ្ជួនបំផុត។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានរំលឹក និងពន្យល់បន្ថែមអំពីវិធានការ "៣កុំ ៣បំបាត់" យ៉ាងលម្អិតដូចខាងក្រោម។វិធានការ"៣កុំ"រួមមាន ១កុំឱ្យមូសខាំ ដោយត្រូវគេងក្នុងមុង និងស្លៀកពាក់ខោអាវដៃវែងជើងវែង។២កុំឱ្យមូសបង្កាត់ពូជ ដោយត្រូវលាងសម្អាតនិងគ្របពាងឬអាងទឹក ឱ្យបានជិតល្អ។៣កុំធ្វេសប្រហែសពេលមានគ្រុនក្តៅ ប្រសិនបើមានអាការៈក្តៅខ្លួនខុសធម្មតា ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទិញថ្នាំលេប ឬព្យួរសេរ៉ូមដោយខ្លួនឯងឡើយ។វិធានការ "៣បំបាត់"រួមមាន ១បំបាត់ទឹកដក់ កម្ទេចចោលនូវសំបកកង់ឡាន កំប៉ុង ឬសំបកដូងដែលដក់ទឹក។២បំបាត់ដង្កូវទឹក ដោយដាក់ថ្នាំអាបែត ឬចិញ្ចឹមត្រីប្រាំពណ៌ក្នុងពាងនិងអាងទឹក។៣បំបាត់ជម្រកមូស ដោយកាប់ឆ្ការព្រៃ និងសម្អាតបរិស្ថានជុំវិញផ្ទះឱ្យស្រឡះល្អ។

សកម្មភាពចុះអន្តរាគមន៍ របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញនាពេលនេះ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិត្រពាំងរាំង សម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាពន់ពេក ចំពោះការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងសុវត្ថិភាពរស់នៅរបស់ពួកគាត់នៅក្នុងមូលដ្ឋាន៕
ដោយ អ៊ុច សៀង





