អភិបាលស្រុកគិរីវង់ចុះពិនិត្យការជួសជុលផ្លូវបេតុង១ខ្សែ នៅឃុំព្រះបាទជាន់ជុំ
AKP តាកែវ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ2026--ដើម្បីបន្តតាមដានវឌ្ឍនភាព នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ រួមដំណើរជាមួយសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវបេតុង១ខ្សែ ការរៀបចំប្រព័ន្ធលូបង្ហូរទឹក ការគ្រប់គ្រងអនាម័យ និងបរិស្ថាន។ការចុះពិនិត្យនេះធ្វើឡើងនៅក្នុងឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យទីតាំងអនុវត្តគម្រោងដោយផ្ទាល់ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់អាជ្ញាធរឃុំ និងក្រុមការងារបច្ចេកទេស ត្រូវធ្វើការស្ថាបនា និងជួសជុលផ្លូវបេតុង ព្រមទាំងប្រព័ន្ធលូបង្ហូរទឹកនេះ ធ្វើឡើងឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើមី្បធានាបាននូវគុណភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
លោក ងួន ឌីណា បានមានប្រសាសន៍បន្តថា អាជ្ញាធរមូលដ្ឋានក៏ត្រូវបន្តអប់រំ និងជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថាន និងកាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល ដើម្បីប្រែក្លាយភូមិឋានរបស់យើងឱ្យមានសោភណភាព គ្មានការកកស្ទះប្រព័ន្ធលូបង្ហូរទឹក និងមានបរិស្ថានរស់នៅស្អាតល្អ។

លោក ងួន ឌីណា បានមានប្រសាសន៍បន្ថែមថា ការចុះពិនិត្យនិងតាមដានការងារដោយផ្ទាល់នាពេលនេះ បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ រដ្ឋបាលស្រុកគិរីវង់ ក្នុងការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។សម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនសោភណភាពក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពទាក់ទាញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ដោយ អ៊ុច សៀង





