ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន»
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងត្រៀមសម្រាប់ការអនុវត្តខ្លឹមសារនៃព្រះរាជក្រឹត្យថ្មី ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ និងផ្តល់អត្ថប្រយោជន៍ដល់មន្រ្តីរាជការ ពិសេសអង្គគ្រូបង្រៀន ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់ វិស័យអប់រំនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្នក្នុងវិស័យអប់រំ វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធភាពខ្ពស់ ជួយជំរុញការផ្តល់សេវាអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានលេចចេញពីកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាយ៉ាងល្អរវាងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀនថ្មីនេះ ឆ្លើយតបយ៉ាងប្រសើរទៅនឹងវិធានការគន្លឹះចំនួន៥ ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីបង្កើនល្បឿនជំរុញបន្ថែមលើកិច្ចការកំណែទម្រង់មួយចំនួន សំដៅកែលម្អឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ ធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយចីរភាព និងសមិទ្ធកម្មផ្តោតលើ ១.ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ដោយអនុវត្តបន្តតាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» ២.ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង ៣.ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំប្រកបដោយវឌ្ឍនភាព និងសូមលើកទឹកចិត្តអង្គសិក្ខាសាលាបន្តយកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់ពីខ្លឹមសារនៃ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន»ថ្មីនេះ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសូមបន្តពិភាក្សាលម្អិត ដើម្បីផ្តល់ធាតុចូលដល់ការកែលម្អឧបសម្ព័ន្ធនានាឱ្យកាន់តែល្អប្រសើរ និងមានភាពជាក់ស្តែងនិយម៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





