ខេត្តកណ្តាល និងខេត្តហៃឡុងជាំង ប្រទេសចិន ពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា
AKP កណ្តាល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--លោកស្រី ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម HAN SHENG JIAN អភិបាលរងខេត្តហៃឡុងជាំង ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។

គោលបំណងសំខាន់នៃជំនួប រវាងខេត្តកណ្តាល និងខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន គឺដើម្បីពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនទៀត។

លោកស្រី ស៊ុ្រន ស្រីនាង បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល នឹងខិតខំក្នុងការបំពេញនីតិវិធី ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាឱ្យបានឆាប់រហ័ស រវាងខេត្តកណ្តាល និងខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះដែរ ឯកឧត្តម HAN SHENG JIAN អភិបាលរងខេត្តហៃឡុងជាំង ក៏បានសន្យាថា នឹងចេញលិខិតអញ្ជើញប្រតិភូខេត្តកណ្ដាល ដើម្បីទៅទស្សនកិច្ចនៅខេត្តហៃឡុងជាំង នាពេលខាងមុខផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





