អភិបាលស្រុកទ្រាំង នាំយកកូនឈើចំនួន250ដើម ប្រគល់ជូនរដ្ឋបាលឃុំជីខ្នា ដើម្បីដាំលើខ្នងប្រឡាយដែលទើបជីករួចថ្មីៗ
AKPតាកែវថ្ងៃទី២២ ខែកក្កឆ្នាំ២០២៦--ដើម្បីទប់ស្កាត់ការបាក់ស្រុតប្រឡាយទឹកមួយខ្សែ និងប្រែក្លាយជាតំបន់ទេសចរណ៍ កម្សាន្តសម្រាប់សហគមន៍ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បាននាំយកកូនឈើចំនួន២៥០ដើម ដែលជាអំណោយរបស់ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ ទៅប្រគល់ជូនរដ្ឋបាលឃុំជីខ្នា ដើម្បីរៀបចំដាំនៅលើខ្នងប្រឡាយធារាសាស្ត្រ ដែលទើបជីកហើយរួចរាល់ថ្មីៗ។ពិធីនេះរៀបចំឡើងនៅក្នុងភូមិយុលចេកឃុំជីខ្នាស្រុកទ្រាំងខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ៧កើតខែទុតិយាសាឍឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានគូសបញ្ជាក់ថា ការដាំកូនឈើចំនួន២៥០ដើម តាមបណ្តោយខ្នងប្រឡាយធារាសាស្ត្រនាពេលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនឥតគណនា ទាំងផ្នែកកសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច។លើសពីនេះវានឹងប្រែភូមិឋាននិងតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ពិសេសក្នុងឱកាសពិធីបុណ្យជាតិផ្សេងៗផងដែរ។

លោកអភិបាលស្រុកទ្រាំង ក៏បានអំពាវនាវយ៉ាងទទូចដល់ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមដាំនិងថែរក្សាកូនឈើទាំងនេះ ឱ្យបានល្អរស់រវើក ព្រោះការដាំនិងការពារដើមឈើ គឺជាកាតព្វកិច្ច របស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។

លោក អ៊ំ ចំរើន បានមានប្រសាសន៍បន្ថែមថា ដើមឈើដែលដាំនៅតាមខ្នងប្រឡាយនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការបាក់ស្រុតដី ការពារច្រាំងប្រឡាយ កាត់បន្ថយការហួតហែងទឹកពីប្រឡាយ និងផ្តល់ម្លប់ត្រជាក់ត្រជុំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានប្រកបដោយចីរភាព៕
ដោយ៖ តាកែវ អ៊ុច សៀង





