ចាប់ពីថ្ងៃទី០៣-០៥ ខែសីហា កម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើកទី៨នៅសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8th ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦កម្ពុជាគ្រោងនឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
គួរបបញ្ជាក់ថា ក្នុងវេទិកាសារព័ត៌មាននារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តម សេង សុទ្ធាវិត ប្រធានមជ្ឈមណ្ឌលធនធានអាស៊ាននៃក្រសួងមុខងារសាធារណៈ។

ថ្លែងក្នុងពិធីនោះ លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន បានបង្កើតឡើងក្នុងឆ្នាំ១៩៨០ នៅក្នុងសន្និសីទអាស៊ាននៃការកែទម្រង់ក្នុងមុខងារសាធារណៈ (ASEAN Conference of Reforms in the Civil Service (ACRCS))។ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ASEAN Conference on Civil Service Matters (ACCSM) បានបង្កើតប្រជុំលើកដំបូងនៅឆ្នាំ១៩៨១ នៅប្រទេសហ្វីលីពីន។
លោកជំទាវបានថ្លែងឱ្យដឹងដែរថា កម្ពុជាបានចូលជាសមាជិអាស៊ានក្នុងឆ្នាំ១៩៩៩ បន្ទាប់ពី២ឆ្នាំក្រោយពីនោះ២០០១ កម្ពុជាបានចូលជាសមាជិក ACCSM ដែលនាពេលនេះជាកិច្ចប្រជុំលើកទី ១១នៅក្នុងប្រទសវៀតណាម។ ឆ្នាំ២០០១ កម្ពុជាបានចូលជាសមាជិក និង២០០៥ដល់២០០៦ កម្ពុជាបានធ្វើជាប្រធាននៃក្របខណ្ឌប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី ១ដែលពេលនេះបានប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ហើយបើគិតរយៈពេលនោះមានរយៈពេល២០ឆ្នាំហើយដែរ។ សម្រាប់នាពេលនេះដែរគឺជាលើកទី២ហើយដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះម្តងទៀតពោលគឺសមាជិកអាស៊ានរយៈពេល២០ឆ្នាំទើបអាចធ្វើជាប្រធាននៃកិច្ចប្រជុំម្តង។


លោកជំទាវបានថ្លែងឱ្យដឹងដែរថា ក្រៅពីយន្តការ ACCSM នៅមានយន្តការមួយទៀត គឺអាស៊ានបូកបី (ACCSM+3) ជាការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសមានបទពិសោធន៍ខ្ពស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ។ ក្រៅពីនេះ ក៏នៅមានកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានមួយចំនួនផងដែរ រួមមាន៖ អូស្រ្តាលី កាណាដា និងឥណ្ឌា។
លោកជំទាវបានថ្លែងបញ្ជាក់ថាសម្រាប់កិច្ចប្រជុំនេះនឹងផ្តល់សារៈប្រយោជន៍សំខាន់ធំៗចំនួន៣ដល់កម្ពុជា ដូចជា៖ ប្រយោជន៍ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនឹងជួយពង្រឹងសមត្ថភាពដល់មន្រ្តីរាជការ និងស្ថាប័ន រួមមានវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗសំដៅបង្កើនចំណេះដឹងនានា។ ទី២. ការលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងតំបន់ និងទី៣ការនាំទៅដល់ការផ្តល់សេវ៉ាដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ទាំងនេះដោយសារថានៅពេលមន្រ្តីមានសមត្ថភាព កិច្ចការងារល្អ មានក្រមសីលធម៌ ល្អ សីលធម៌ល្អ ហេតុនេះការបំពេញការងារល្អ ចឹងហើយការផ្តល់សេវ៉ាដល់ប្រជាពលរដ្ឋក៏ល្អដែរ។


គួរបញ្ជាក់ថា ក្នុងបេសកកម្មនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងប្រតិភូកម្ពុជា បានចូលរួមក្នុងវេទិកាសំខាន់ៗ រួមទាំងអញ្ជើញផ្តល់សុន្ទរកថា ក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ មករា




