ឯកឧត្តម រុន តូ អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្ដាប្រព័ន្ធធារាសាស្ត្រ និងត្រៀមម៉ាស៊ីនបូមទឹកអន្តរាគមន៍នៅខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម មុខព្រួញខេត្តក្រចេះ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យម៉ាស៊ីនបូមទឹកចល័ត និងស្ថានភាពប្រព័ន្ធធារាសាស្ត្រជាក់ស្តែងក្នុងខេត្តក្រចេះ នាថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមបានពិនិត្យលើចំណុចសំខាន់ៗចំនួន៤រួមមាន៖ ទី១. ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង ដែលបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់អន្តរាគមន៍ទប់ទល់កូនរដូវប្រាំង។ ទី២. ការជួសជុលស្ថានីយបូមទឹកបណ្តែតកំពង់រាំងទី៤ ស្ថិតនៅឃុំឆ្លូង ស្រុកឆ្លូង។ ទី៣. ការជួសជុលស្ថានីយបូមទឹកបណ្តែតកំពង់រាំងទី៣ ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង និងទី៤. ប្រព័ន្ធធារាសាស្ត្រទំនប់សេដា ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី។


សូមបញ្ជាក់ថា កម្ពុជារងឥទ្ធិពលបាតុភូត El Niño ធ្វើឱ្យកូនរដូវប្រាំងអូសបន្លាយ និងកម្ដៅកើនឡើង មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេច។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់មន្ទីរជំនាញ ឱ្យផ្សព្វផ្សាយសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ណែនាំសហគមន៍កសិករផ្អាកការធ្វើស្រែលើសផែនការ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រមទាំងត្រូវរក្សាទឹកទុកក្នុងអាង និងត្រៀមបូមសង្គ្រោះស្រូវឱ្យបានទាន់ពេលវេលាក្នុងករណីខ្វះខាតទឹក៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)




