កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ លើកទិសដៅការងារសម្រាប់អនុវត្តបន្ត និងបញ្ហាផ្សេងៗ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ហេរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខានិងមន្ត្រីប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ។

កិច្ចប្រជុំមានរបៀបវារៈរួមមាន៖ ១- ការរាយការណ៍សង្ខេបស្ដីពីសកម្មភាពការងារ និងហិរញ្ញវត្ថុ សាខាប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ២- ការជម្រាបជូនអំពីផែនការយុទ្ធសាស្ត្រការងារសម្រាប់អនុវត្តបន្ត។ ៣- ការរាយការណ៍អំពីគ្រួសារងាយរងគ្រោះ ចាស់ជរា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ គួរជ្រើសរើស។ ៤-ការងាររៀបចំបរិវេណសាខាឡើងវិញ និង៥-បញ្ហាផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្ដម វ៉ា ថន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសាខា ជាពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានសំណូមពរសូមឱ្យមានការចូលរួមសហការអនុវត្តកិច្ចការងារស្របតាមខ្លឹមសារនៃកិច្ចប្រជុំឱ្យមានប្រសិទ្ធភាពខ្ពស់៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)




