ប្រជាពលរដ្ឋនៅឃុំដងកាំបិតអបអរសាទរយ៉ាងខ្លាំងចំពោះការស្ថាបនាផ្លូវ០១ខ្សែថ្មីទៀត និងកំពុងសាងសង់ស្ពានបេតុងមួយកន្លែងនៅតំបន់អូរចន្ទ្រាយ
AKP កំពង់ធំ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើដំណើរឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហមថ្មីនិងពិនិត្យស្ថានភាពការសាងសង់ស្ពានបេតុងមួយកន្លែងនៅតំបន់អូរចន្ទ្រាយស្ថិតនៅក្នុងភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ស្ពានបេតុងមានប្រវែង១៦ម៉ែត្រ កម្ពស់៣,៥០ម៉ែត្រ និងទទឹងស្ពានសម្រាប់ធ្វើចរាចរណ៍មានប្រវែង៨,៦ម៉ែត្រ ដែលកំពុងដំណើរការសាងសង់ ហើយនឹងអាចរួចរាល់នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៦ខាងមុខនេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោក លុន យ៉េន បានរាយការណ៍បញ្ជាក់ថា ផ្លូវក្រាលគ្រោះក្រហមឆ្លងកាត់ឃុំដងកាំបិតនៅប៉ែកខាងលិចស្ទឹងសែន មានប្រវែងជាង១៩គីឡូម៉ែត្រ។ ចំពោះផ្លូវដែលបានសាងសង់រួចរាល់ មានប្រវែងប្រមាណ៥គីឡូម៉ែត្រ និងកំពុងដំណើរការសាងសង់មានប្រវែងប្រមាណ៦គីឡូម៉ែត្រទៀត និងមានស្ពានមួយកន្លែង ដែលស្ពាននេះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការឆ្លងកាត់អូរចន្ទ្រាយនេះ ដោយត្រូវធ្វើស្ពានអំពីកូនឈើសម្រាប់តែចម្លងមនុស្សដោយថ្មើជើងតែប៉ុណ្ណោះ ហើយបើមានម៉ូតូឬកង់ ត្រូវឆ្លងដោយទូក ដែលមានហានិភ័យក្នុងពេលទឹកកំពុងហូរគួចខ្លាំង។


លោក លុន យ៉េន បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមានការអបអរសាទរយ៉ាងខ្លាំងចំពោះការស្ថាបនាផ្លូវ០១ខ្សែ និងស្ពានបេតុងថ្មីមួយកន្លែងនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីរូមស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ហើយប្រជាពលរដ្ឋនៅក្នុងឃុំទាំងមូល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យកងវិស្វកម្មរបស់ក្រសួងការពាជាតិស្ថាបនាផ្លូវ០១ខ្សែថ្មីទៀត និងស្ពានបេតុងមួយកន្លែងនេះ នៅក្នុងឃុំដងកាំបិត និងសូមគោរពជូនពរសម្ដេចនិងលោកជំទាវ ទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





