គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម និងពង្រីកការវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--
ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានកិត្តិយសយ៉ាងក្រៃលែងក្នុងការធ្វើជាម្ចាស់ ផ្ទះ ស្វាគមន៍គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំ មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី ២១-២២ ខែកក្កដា ឆ្នាំ២០២៦ ដែលបានភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនអាម៉េរិកឈានមុខគេ មួយចំនួន ជាមួយ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើនឱកាសចូលទៅកាន់ទីផ្សារ និងការបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ចអាម៉េរិក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា គណៈប្រតិភូនេះ ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Brian McFeeters រួមមានតំណាងមកពីក្រុមហ៊ុន ដែលធ្វើការក្នុងវិស័យសុខាភិបាល ឧស្សាហកម្មកែច្នៃ ថាមពល សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនទាំងនេះ តំណាងឱ្យការផ្តល់ជូនល្អៗពីអាម៉េរិក ដោយបានកំណត់ស្តង់ដារសកលសម្រាប់គុណភាព នវានុវត្តន៍ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ នៅពេលដែលក្រុមហ៊ុនអាម៉េរិកវិនិយោគ ឬធ្វើអាជីវកម្មនៅកម្ពុជា ពួកគេបង្កើតការងារ អភិវឌ្ឍន៍សមត្ថភាពធនធាន មនុស្សក្នុងស្រុក និងពង្រឹងសហគមន៍ដែលពួកគេធ្វើប្រតិបត្តិការ។
សមាជិកគណៈប្រតិភូ និងថ្នាក់ដឹកនាំស្ថានទូតអាម៉េរិក បាននិងកំពុងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យា។
ចំពោះកិច្ចពិភាក្សាបានផ្តោតលើជំហានជាក់ស្តែងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ពង្រឹងបរិយាកាសធុរកិច្ច និង បើកឱកាសថ្មីៗសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មអាម៉េរិក។ គណៈប្រតិភូក៏កំពុងស្វែងយល់បន្ថែមអំពី កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការដឹកជញ្ជូន និងភស្តុភារ ពាណិជ្ជកម្មឌីជីថល ថាមពល និង រ៉ែកម្រ ដោយធានាបាននូវការផ្សារភ្ជាប់ទីផ្សារប្រកបដោយសមភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិក មានប្រសាសន៍ថា៖ «គណៈប្រតិភូរួមមានថ្នាក់ដឹកនាំ ក្នុងវិស័យឧស្សាហកម្ម ដែលតំណាងឱ្យនវានុវត្តន៍ដែលល្អបំផុតពីអាម៉េរិក ការវិនិយោគ និងសហគ្រិនភាព អាម៉េរិក។ ក្រុមហ៊ុនទាំងនេះបានធ្វើអាជីវកម្មនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកឱកាសថ្មីៗ។ រួមគ្នា ពួកគេបានឆ្លុះបញ្ចាំងពីកំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកម្ពុជា»។
សូមជម្រាបជូនថា ស្ថានទូតអាម៉េរិក មានកិត្តិយសក្នុងការគាំទ្រក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងក្រុមហ៊ុនជាសមាជិក ដែលបំណងចង់វិនិយោគ និងរីកលូតលាស់នៅកម្ពុជា។ ការកើនឡើងនូវវត្តមាននៃធុរកិច្ចអាម៉េរិក អាចពង្រីកឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្មកម្ពុជា នាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនកម្ពុជា និងពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕


ដោយ៖ រិទ្ធី





