កិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងទិសដៅអភិវឌ្ឍន៍ឆ្នាំ២០២៧-២០៣២ លើវិស័យធនធានទឹក និងឧតុនិយម លើកទី២
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងលើកទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២៧-២០៣២ លើវិស័យធនធានទឹក និងឧតុនិយម លើកទី២ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារសំខាន់ក្នុងការប្រមូលផ្ដុំធាតុចូលពីគ្រប់នាយកដ្ឋានជំនាញ ពាក់ព័ន្ធនឹងការងារស្នូល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍឃុំ-សង្កាត់ សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣២ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងអាចអនុវត្តបានស្របតាមស្ថានភាពជាក់ស្តែង។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មក្នុងការតាមដាន គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក សំដៅសម្រេចឱ្យបាននូវគោលដៅផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់គ្រប់វិស័យ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។

ទន្ទឹមនឹងនេះ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ក៏មានសារៈសំខាន់ផងដែរ ក្នុងការចូលរួមគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលសម្រេចបាននូវលទ្ធផលជោគជ័យធំធេង ក្នុងការធានានូវសន្តិសុខស្បៀង និងការទប់ស្កាត់គ្រោះមហន្តរាយពីធម្មជាតិគួរឱ្យទុកចិត្ត និងជាទីមោទនៈ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





