កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅសម្រាប់ឆមាសទី២
AKP ព្រះសីហនុ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តព្រះសីហនុ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលខិតខំលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការបានល្អប្រសើរក្នុងការជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមិនខ្លាចនឿយហត់ និងសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទក តាមគោលការណ៍អភិបាលកិច្ចល្អ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការកែលម្អលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេស កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដូចជាឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបោះជំហានទៅមុខយ៉ាងរឹងមាំ ទន្ទឹមនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដួចជាបទល្មើសមិនប្រពៃណី បទល្មើសមានការចាត់តាំង និងបទល្មើសបច្ចេកវិទ្យា ដែលទាមទារឱ្យយើងទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ មានមនសិការវិជ្ជាជីវៈ និងរៀបចំផែនការប្រទាក់ក្រឡា ត្រៀមដោះស្រាយសភាពការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា ប្រទេសយើងនៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។

ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានបំពេញការងារដោយកាត់បន្ថយបាននូវបទល្មើសនៅក្នុងមូលដ្ឋាន ព្រមទាំងអរគុណចំពោះរបាយការណ៍ស្នងការខេត្តព្រះសីហន ដែលបានអនុវត្តប្រតិបត្តិការបានល្អក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈល្អប្រសើរ ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើការណែនាំដល់រដ្ឋបាល ឃុំ សង្កាត់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលដោយការទទួលខុសត្រូវទាំងអស់គ្នា ធ្វើវេទិការសាធារណៈផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនដងក្នុងមួយខែ។ ចំពោះសភាពការណ៍បទល្មើស បង្ក្រាបបានរហូតដល់ ៩៧% ក៏ប៉ុន្តែបទល្មើសក៏មានការកើនឡើងដែរ។ ហើយសង្កាត់លេខ៤ ជាទីតាំងបណ្តុំអាជីវកម្ម និងជនបរទេសស្នាក់នៅច្រើន ទាមទាឱ្យយើងប្រមូលផ្តុំកម្លាំងចុះជួយដោះស្រាយបានទាន់ពេលវេលា។ ទន្ទឹមនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសសរសើរចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ពង្រឹងសណ្តាប់ធ្នាប់សាធារណ ក៏ដូចជារឿងសំខាន់ៗដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កផលប៉ះពាល់ដល់សង្គមជាតិ ព្រោះមូលហេតុចំបងនៃគ្រោះថ្នាក់ចរាចរណ៍ ដោយសារកត្តាផ្លូវថ្នល់ និងកត្តាមនុស្ស។ ចំពោះការវិវាទ ត្រូវរួមគ្នាដោះស្រាយក្រៅប្រព័ន្ធតុលាការ កុំឱ្យឆ្លងទៅស្ថាប័នតុលាការ សុំឱ្យអាជ្ញាធរមូលដ្ឋានខិតខំបន្ថែមទៀតក្នុងការដោះស្រាយវិវាទនៅមូលដ្ឋាន ជាពិសេសការពង្រឹងការិយាល័យប្រជាពលរដ្ឋ ដើម្បីរកភាពសុខដុមនៅក្នុងមូលដ្ឋានដោយយកគោលនយោបាយឈ្នះឈ្នះ។

ឯកឧត្តមបានបញ្ជាក់ថា ការធ្វើវេទិការសាធារណដើម្បីស្វែងយល់បញ្ហាប្រឈមនៅមូលដ្ឋាន យើងត្រូវមានផែនទីទីតាំងប្រឈម ដូចជាក្រុមចោលួច ឆក់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ដើម្បីមានវិធានការតាមផ្លូវច្បាប់។ ចំពោះការផ្តល់សេវារដ្ឋបាល និងការផ្តល់អត្តសញ្ញាណកម្ម ក៏ជារឿងមួយសំខាន់ក្នុងគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពនេះដែរ ដែលយើងមិនត្រូវមើលរំលងនោះទេ ដោយត្រូវសិក្សាស្រាវជ្រាវលក្ខណៈបទល្មើសនៅតាមទីតាំងភូមិសាស្ត្ររបស់ខ្លួន៕

ដោយ៖ ងូ សុមុនី





