សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការត្រៀមលក្ខណៈបានគ្រប់គ្រាន់របស់គ្រូ គឺជាជោគជ័យរបស់សិស្ស
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការត្រៀមលក្ខណៈបានគ្រប់គ្រាន់របស់គ្រូ គឺជាជោគជ័យរបស់សិស្ស ព្រោះថាបើគ្រូកាន់តែស្រាវជ្រាវច្រើន កាន់តែទូលំទូលាយ កាន់តែមានគុណភាព យើងគិតថាការបណ្តុះបណ្តាលដែលមានគុណភាពធំគឺគ្រូ ខណៈដែលឧបករណ៍ និងសម្ភារៈគ្រាន់តែជាមធ្យោបាយបន្ទាប់បន្សំប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (South-East Asia) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពនៃការខិតខំប្រឹងប្រែងចែករំលែក ម៉ោងពេលស្រាវជ្រាវត្រៀមលក្ខណៈ និងលើកពន្យល់ផ្តល់ការណែនាំដល់សិស្ស គឺជាធាតុចូលយ៉ាងសំខាន់សម្រាប់ភាពជោគជ័យ ដែលភាពជោគជ័យរបស់សិស្សនៅថ្ងៃនេះក៏ជាជោគជ័យរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ហើយជោគជ័យមួយទៀត គឺគណៈគ្រប់គ្រងសាលា ដោយចាប់ផ្តើមពីនាយកសាលារហូតទៅដល់បុគ្គលិកសិក្សាគ្រប់ទាំងអស់ ដែលថ្ងៃនេះយើងសូមអបអរសាទរដល់និស្សិតចំនួន ១ ៥០០នាក់។ សម្ដេចធិបតីបានបន្ដថា ការទទួលនេះក៏ជាការអបអរសាទរចំពោះសមិទ្ធផលដែលបានកើតចេញពីការរួមគ្នាជាច្រើន រួមមានទាំងសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា ហើយវាក៏ជាលទ្ធផលរួមមួយសំខាន់បំផុតរបស់ប្រទេសជាតិខ្មែរ ដែលមានធនធានមនុស្សកាន់តែមានគុណវុឌ្ឍិខ្ពស់ បន្ថែមទៀត ។

ក្នុងឱកាសនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ South-East Asia ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ជាពិសេសនៅមូលដ្ឋានខេត្តសៀមរាបលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ធុរកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្បាប់ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏សូមអរគុណផងដែរចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ដល់គណៈកម្មាធិការអាហារូបករណ៍សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពី ២០១២-២០១៣ កន្លងមក មានជាង៣៤០កន្លែង ហើយថ្ងៃនេះក៏មានអ្នកទទួលសញ្ញាបត្រចំនួន ២៧នាក់ ផងដែរ ដែលនេះជាការចូលរួមចំណែកយ៉ាងខ្លាំងដើម្បីផ្តល់ឱ្យកូនចៅរបស់ប្រជាពលរដ្ឋយើងដែលត្រូវការចាំបាច់នៅក្នុងឱកាសរៀនសូត្រ។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសការកែទម្រង់ឧត្តមសិក្សា ដោយជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សទាំងរដ្ឋ និងឯកជន បាន និងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវចំនួនសិស្ស និស្សិតកម្ពុជាចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់កម្រិតតំបន់ និងសកល។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារឱ្យមានចំណេះដឹងទូលំទូលាយជាមួយនឹងជំនាញពិតប្រាកដ សីលធម៌ និងវិន័យក៏ដូចជាសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ សំដៅឆ្លើយតបបានកាន់តែប្រសើរ ទាន់ពេលវេលាទៅនឹងតម្រូវការនៃការអភិវឌ្ឍទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងសមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱកាសនូវការអភិវឌ្ឍសក្តានុពលដែលកម្ពុជាកំពុងតែមាន៕
ដោយ៖ ចាន់ សុភឿន




