ក្រុមនារីកម្ពុជា ប៉ះ សិង្ហបុរី ដណ្តើមចំណាត់ថ្នាក់លេខ៣ AFF Women's Cup 2026
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--បន្ទាប់ពីបានប្រកួតចាញ់ក្រុមនារីឡាវ ០-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានបាត់បង់ឱកាសដណ្តើមពាន AFF Women's Cup 2026 ហើយ ដោយក្រុមនារីកម្ពុជាត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមសិង្ហបុរី នាល្ងាចថ្ងៃទី២២ ខែកក្កដា ស្អែកនេះ។

ក្រុមនារីកម្ពុជា ដែលជាអតីតក្រុមជើងឯករង ឆ្នាំ២០២៤ នៃពានរង្វាន់លំដាប់ទី២នារីអាស៊ាននេះមិនអាចទម្លាយសំណាញ់ទីរបស់ក្រុនារីឡាវឡើយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៩ ខែកក្កដា បើទោះបីជាក្រុមនារីឡាវបានបើកការនាំមុខ១គ្រាប់មុន តាំងតែនាទីទី១មកយ៉ាងណាក្តី។ ក្រុមនារីកម្ពុជាត្រូវប៉ះក្រុមសិង្ហបុរី ដណ្តើមចំណាត់ថ្នាក់លេខ៣ នាវេលាម៉ោង ៣:៤៥ នាទី ថ្ងៃទី២២ ខែកក្កដា ស្អែកនេះ បន្ទាប់ពីក្រុមទាំងពីរបានប្រកួតចាញ់គូប្រជែងរៀងៗខ្លួន ដោយក្រុមកម្ពុជាចាញ់ក្រុមឡាវ ០-១ ខណៈក្រុមសិង្ហបុរីចាញ់ក្រុមការពារជើងឯក ឥណ្ឌូណេស៊ី ០-២។

ចំពោះវគ្គផ្តាច់ព្រ័ត្រ ដណ្តើមម្ចាស់ជើងឯក គឺក្រុមឥណ្ឌូណេស៊ី ត្រូវប៉ះជាមួយក្រុមឡាវ នាយប់ថ្ងៃទី២២ ខែកក្កដា ស្អែកនេះ។ រឿងសំខាន់២របស់ក្រុមនារីកម្ពុជា គឺត្រូវការឈ្នះដណ្តើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ AFF Women's Cup នេះផង ហើយក៏ជាឱកាសនៃក្រុមជ័យលាភី ដើម្បីកក់កៅអីត្រៀមប្រកួតពានរង្វាន់កម្រិតទី១អាស៊ាន-AFF Women’s Championship ជាមួយក្រុមឥណ្ឌូណេស៊ី និងឡាវ ជាមួយបេក្ខភាពឈររង់ចាំស្រាប់៥ក្រុមផ្សេងទៀត នាឆ្នាំ២០២៧ផងដែរ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





