អភិបាលខេត្តបន្ទាយមានជ័យ ដាស់តឿនអាជ្ញាធរ និងម្ចាស់ទីតាំងជួលក្នុងស្រុកមង្គលបូរី រួមកម្លាំងគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួលក្នុងស្រុកមង្គលបូរី ត្រូវបង្កើនកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ក្នុងការសហការប្រឆាំង និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ការថ្លែងដាស់តឿន និងដាក់ចេញនូវវិធានការយ៉ាងក្តៅគគុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅអគារ A ផ្សារបូរីជ័យ២ ចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ពីមុំសំខាន់ៗនៃគោលនយោបាយ និងវិធានការច្បាប់របស់រាជរដ្ឋាភិបាល ដោយបានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រឹមតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់ប្រទេសជាតិទៀតផង។ ដូច្នេះ ការអនុវត្តច្បាប់ និងអនុក្រឹត្យលេខ០៣ អនក្រ.បក គឺជាអាវុធមុខពីរដ៏សំខាន់ក្នុងការបង្រ្កាប និងទប់ស្កាត់រាល់សកម្មភាពទុច្ចរិតទាំងនេះឲ្យទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់អាជ្ញាធរមូលដ្ឋាន នគរបាលរដ្ឋបាល និងប្រជាការពារ ត្រូវចុះអប់រំផ្សព្វផ្សាយឱ្យបានស៊ីជម្រៅដល់គ្រប់ខ្នងផ្ទះ ជាពិសេសត្រូវគ្រប់គ្រងមុខសញ្ញា និងស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នតាមផ្ទះសំណាក់ និងបន្ទប់ជួលឱ្យបានហ្មត់ចត់បំផុត ដោយមិនត្រូវបណ្តែតបណ្តោយ ឬយោគយល់ដល់អំពើល្មើសច្បាប់ណាមួយឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងបន្ទប់ជួលទាំងអស់ ត្រូវសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចភ្លាមៗ ប្រសិនបើមានការសង្ស័យលើសកម្មភាពមិនប្រក្រតីណាមួយនៅក្នុងទីតាំងរបស់ខ្លួន។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ មានសមាសភាពចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការតាមការិយាល័យ-អង្គភាព អធិការ និងអធិការរងនគរបាលស្រុក មេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំទាំង១៣ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣ មេភូមិគ្រប់ភូមិ ព្រមទាំងម្ចាស់ផ្ទះសំណាក់ និងម្ចាស់បន្ទប់ជួលក្នុងស្រុកមង្គលបូរី សរុបចំនួន ៣៤៥នាក់ (ស្រី ៦៧នាក់)។ អង្គពិធីទាំងមូលបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកចំណេះដឹងផ្នែកច្បាប់ និងអនុក្រឹត្យថ្មីនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ ឈុន សារ៉ាត





