រដ្ឋបាលស្រុកបាទីប្រគល់ម៉ូតូ សម្ភារៈ និងថវិកា ជូនកងរាជអាវុធហត្ថស្រុក
AKP តាកែវ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានអញ្ជើញប្រគល់ម៉ូតូ សម្ភារៈប្រើប្រាស់ និងថវិកា ជូនដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដោយពិធីនេះរៀបចំឡើងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទីខេត្តតាកែវ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោក សាយ វណ្ណៈ បានមានប្រសាសន៍ថា ការឧបត្ថម្ភគាំទ្រនាពេលនេះ គឺជាការយកចិត្តទុកដាក់ និងជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងសកម្មនាពេលកន្លងមក។លោកអភិបាលស្រុក ក៏បានស្នើឱ្យកងរាជអាវុធហត្ថស្រុកបាទី យកចិត្តទុកដាក់ប្រើប្រាស់សម្ភារៈទាំងនេះឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ជាពិសេសក្នុងការសម្រួលចរាចរណ៍ ការពារសន្តិសុខ តាមដាន បង្ការនិងបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានស្រុកបាទីទាំងមូល ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោកអភិបាលស្រុកបាទីក៏បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវបន្តបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសគ្រប់ប្រភេទ។ជាពិសេសបញ្ហាយ៉ាងក្តៅគគុកដូចជា គ្រឿងញៀន ចោរកម្ម និងក្មេងទំនើង សំដៅធានាឱ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព ពិតប្រាកដជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរចំពោះ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងសហការីទាំងអស់ ទទួលបាននូវសេចក្ដីសុខសេចក្ដីចម្រើន សុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

អំណោយដែលបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី នាពេលនោះរួមមាន៖ ម៉ូតូម៉ាកXR230 ចំនួន១គ្រឿង ពិលចរាចរណ៍ចំនួន៤ សូឡាចរាចរណ៍ចំនួន២ របាំងចរាចរណ៍ចំនួន២ សាជីចរាចរណ៍ចំនួន៤ សាច់គោចំនួន១០គីឡូក្រាម មីចំនួន១០កេស និងថវិកាចំនួន១លានរៀល៕
ដោយ អ៊ុច សៀង





