កិច្ចប្រជុំផ្សព្វផ្សាយស្តីពីផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប
AKP កំពង់ធំ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណ:កម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ អភិបាលរងខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង លោកប្រធានមន្ទីរបរិស្ថានខេត្តទាំង៦ជុំវិញបឹងទន្លេសាប ដែលជាសមាជិកគណ:កម្មការសម្របសម្រួលគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប និងតំណាងអង្គការ UNESCO,ACCB, CEPA, WCS, WWT, NLC, IUCN, FACT, CI និង FFI ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ និងក្រសួងបរិស្ថាន ព្រមទាំងបងប្អូនប្រជាសហគមន៍សរុបចំនួន៥១នាក់ (ស្រី៥នាក់)។

លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានមានមតិស្វាគមន៍ និងបានលើកឡើងអំពីសក្តានុពលនៃបឹងទន្លេសាបដោយបានគូសបញ្ជាក់ថា តំបន់បឹងទន្លេសាប គឺជាបេះដូងនៃប្រព័ន្ធអេកូឡូស៊ី និងជាប្រភពសេដ្ឋកិច្ច-សង្គមដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជាយើង។ ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ផែនការយុទ្ធសាស្ត្រឋបនីយកម្មជីវបឹងទន្លេសាប ២០២៦-២០៣០» នេះឡើង គឺពិតជាឆ្លើយតបចំទិសដៅ ក្នុងការធានានូវតុល្យភាពរវាងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះដ៏មានតម្លៃ និងការគ្រប់គ្រងប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ។ កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាវេទិកាដ៏មានតម្លៃក្នុងការចែករំលែកនូវទស្សនទាន យុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប ដើម្បីរួមគ្នាអនុវត្តផែនការនេះឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានស្ថាប័នមានសមត្ថកិច្ចមួយចំនួនជាសេនាធិការ និងស្ថាប័ន ពាក់ព័ន្ធ មួយចំនួនទៀត រួមទាំងដៃគូអភិវឌ្ឍផងដែរ បានខិតខំ និងបង្កើតយន្តការផ្សេងៗ ដើម្បីការពារ អភិរក្ស និងគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិដ៏មានតម្លៃរបស់បឹងទន្លេសាប។ ទោះបីជាយ៉ាងនេះក្តី ក្នុងរយៈពេល២ ទសវត្សចុងក្រោយនេះ ឋបនីយជីវមណ្ឌលបឹងទន្លេសាប បាន និងកំពុងទទួលរងនូវការគំរាមកំហែងជាខ្លាំង ដែលកត្តាគំរាមកំហែងសំខាន់ៗទាំងនោះរួមមាន៖ ១.ការផ្លាស់ប្តូររបបជលសាស្ត្រ។ ២.រដូវកាលជន់លិចទឹកមិនទៀងទាត់ និងមានរយៈពេលខ្លីជាងមុន។ ៣.ទំហំផ្ទៃដីលិចទឹកតូចជាងមុន។ ៤. ការទន្ទ្រានដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ដែលធ្វើឱ្យមានការបាត់បង់ព្រៃលិចទឹក និងវាលស្មៅ។ ៥. ការបំពុលទឹកនិងត្រី ដោយត្រីមួយចំនួនមានផ្ទុកលើសនូវសារធាតុលោហៈធ្ងន់។ ៦. កំណើនសំណល់ប្លាស្ទិកក្នុងតំបន់បឹងទន្លេសាប ដែលទាំងនេះជាហានិភ័យចម្បងមួយដល់សុខុមាលភាព។ ៧. ការបាត់បង់ធនធានជីវៈចម្រុះសំខាន់ៗផ្សេងទៀត។ ៨.ការគម្រាមកំហែងដោយការប្រែប្រួលអាកាសធាតុ ដែលប្រទេសកម្ពុជាយើងជាប្រទេសងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ទោះបីជាកម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតូចក៏ដោយ។

លោកជំទាវបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនាថ្ងៃនេះ យើងទទួលបាននូវចំណេះដឹងនូវសកម្មភាពមួយចំនួនដែលបាន បង្ហាញសម្រាប់ការអនុវត្តការងារទៅតាមស្ថាបន័រៀងៗខ្លួន ដោយផ្អែកលើយុទ្ធសាស្ត្រអាទិភាពសំខាន់ៗចំនួន៦ចំណុច រួមមាន៖ ១. អភិបាលកិច្ចល្អ ២. ការគ្រប់គ្រងជលសាស្ត្រ ៣. ការគ្រប់គ្រងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ៤. ការគ្រប់គ្រងការបំពុល ៥. ការគ្រប់គ្រងការប្រើប្រាស់ដី ៦. ការបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋាន ដែលជាគន្លឺះយុទ្ធសាស្ត្រសម្រាប់ថែរក្សាសុខភាពបឹងទន្លេសាប៕
ដោយ ស៊ុម វណ្ណា





