ក្រសួងបរិស្ថានជំរុញឱ្យវិស័យឯកជនផ្តោតលើការកសាងទំនើបកម្មបច្ចេកវិទ្យា ដើម្បីជួយគាំទ្រការគ្រប់គ្រងវិស័យបរិស្ថាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនឯកជនចិន មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យវិស័យឯកជនត្រូវធ្វើទំនើបកម្មលើបច្ចេកវិទ្យាដើម្បីជួយគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា បញ្ជាក់ជាមួយគណៈប្រតិភូក្រុមហ៊ុនសាធារណរដ្ឋប្រជាមានិតចិនចំនួន៧ក្រុមហ៊ុន ដឹក នាំដោយលោកស្រី Huang Zhiru ប្រធានចាត់ការទូទៅក្រុមហ៊ុន Guangxi Spacetime Information Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋលេខាធិការបានប្រាប់ដល់ក្រុមហ៊ុនចិនពីការអនុវត្តខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថាលេខាដោយភាគីទាំង២ នៅខែមីនា ២០២៦កន្លងមក ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស កសាងទំនើបកម្មវិស័យបរិស្ថានកម្ពុជា ពិសេសគឺផ្តោតទៅលើ ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធAI ក្នុងការគ្រប់គ្រង់ធនធានធម្មជាតិ និង វិស័យបរិស្ថានផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានឯកភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៃសាធារណរដ្ឋប្រជាមានិតចិន (Satellite, Drone and Smartphone) រួមបន្ថែមដោយបញ្ញាសិប្បនិមិត្ត (AI) លើការតាមដានបម្រែបម្រួលធនធានធម្មជាតិ ការបំពុលទឹក ការទុកដាក់សំរាមសំណល់រឹង និងការគ្រប់គ្រងធនធានតំបន់ឆ្នេរផងដែរ។

ជាងនេះទៀត ឯកឧត្តមបានលើកជាសំណូមពរទៅសមភាគីចិនក្នុងនោះទី១. ចំពោះការរៀបចំគម្រោងគំរូដោយផ្តើមចេញពីខេត្តកោះកុងជាមុន ដោយត្រូវសិក្សាឱ្យមានជាផែនទីបង្ហាញ សម្រាប់ធ្វើបច្ចុប្បន្នភាពទៅលើការងារមួយចំនួនដែលក្រសួងបរិស្ថានបាននឹងកំពង់អនុវត្តស្រាប់។ ទី២. សំណូមពរឱ្យមានរៀបចំជា MoU ដោយទ្បែកមួយ លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ចូលរួមក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិ៕

ដោយ៖ មករា





