សភាពាណិជ្ជកម្មកម្ពុជា-កូរ៉េប្រចាំកម្ពុជា គ្រោងចុះ MoU ដើម្បីជំរុញឱកាសវិនិយោគរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា គ្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាព និងជំរុញឱកាសវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបលោក Kim Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា។
យោងតាមសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញការតភ្ជាប់ធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានឯកភាពបង្កើតយន្តការសហប្រតិបត្តិការប្រកបដោយនិរន្តរភាព សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៃប្រទេសទាំងពីរ។

ប្រភពដដែលបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាព រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ការគាំទ្រធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងការជំរុញឱកាសវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជាបានបញ្ជាក់ថា នឹងចូលរួមយ៉ាងសកម្មក្នុងក្រុមការងារទាំង ១៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលស្ថិតក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីរួមចំណែកពិភាក្សាលើគោលនយោបាយ និងរបៀបវារៈសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ការចូលរួមនេះនឹងជួយឱ្យសំឡេង និងទស្សនៈរបស់វិនិយោគិន និងសហគ្រាសកូរ៉េ ត្រូវបានឆ្លុះបញ្ចាំងកាន់តែមានប្រសិទ្ធភាព និងរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
ដោយ៖ ស្រីពេជ្រ





