រាជធានីភ្នំពេញ-ហៃឡុងជាំងចិន និងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦-- រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងសាធារណរដ្ឋប្រជាមានិតចិន នឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម ទទួលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជ ធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជា និងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង ៦០ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិន។
ឯកឧត្តម ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំ បានមានប្រសាសន៏ថា៖ គោលបំណងរបស់ប្រតិភូលោក អញ្ជើញមករាជធានីភ្នំពេញនាពេលនេះ គឺចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អមួយជាមួយ រាជធានីភ្នំពេញ ពិសេស ចង់ជំរុញវិស័យទេសចរណ៍ និងលើកទឹកចិត្តក្នុងការ នាំចូលផលិតផលផ្លែឈើរបស់កម្ពុជាទៅលក់នៅខេត្តហៃឡុងជាំង។


ឯកឧត្តមបានបន្តទៀនៅខេត្តរបស់លោក វិស័យទេសចរណ៍នៅរដូវទឹកកក គឺបានភាពទាក់ទាញខ្លាំង ជាពិសេសនៅទីក្រុង ហាប៊ីន។ រីឯនៅកម្ពុជា មានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញ និងតំបន់ទេសចរណ៍ជាច្រើនទៀត រួមទាំងរាជធានីភ្នំពេញ ដែលទាំងអស់នេះ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំងគួរសហការគ្នាក្នុងផ្សព្វផ្សាយជូនប្រជា ពលរដ្ឋខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍នៃទីក្រុងទាំងពីរឱ្យកាន់តែរស់រវើកថែមទៀត។ ឯកឧត្តមក៏បានអញ្ជើញឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសហការី ដើម្បីបំពេញទស្សន កិច្ចនៅខេត្តហៃឡុងជាំងនារដូវទឹកកកខាងមុខនេះផង។ ឯកឧត្តមអភិបាលរងខេត្តហៃឡុងជាំង ដែលចង់ឱ្យមានទំនាក់ទំនងក្នុងភាពជាដៃគូ និងសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍ ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីថា៖ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ គួរចាត់មន្រ្តីជំនាញ ដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារនៃ MoU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ដោយឡែក ឆ្លើយតបនឹងការអញ្ជើញរបស់ឯកឧត្តមអភិបាល រងខេត្ត ឯកឧត្តមអភិបាល នឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្រប ដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំងជាពេលខាងមុខ៕
ដោយ៖ សួស សំរិត





