លោក នុត ពុធដារ៉ា ចូលរួមប្រកាសចូលកាន់មុខតំណែង អភិបាលរង ស្រុកលើកដែក
AKP កណ្តាល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦–លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក ដែលពិធីនេះមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ មន្ទីរអង្គភាព និងមន្ត្រីរាជការសាលាស្រុកលើកដែក។

លោក អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា។ ក្នុងនោះ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃលើកសំណើបន្តជូនរាជរដ្ឋាភិបាល ដើម្បីស្នើសុំផ្ទេរភារកិច្ចលោកស្រី សែម ចាន់ថូ ពីអភិបាលរងស្រុកស្អាង មកជាអភិបាលរងស្រុកលើកដែកជំនួសលោកស្រី ផល គុយនី ដែលត្រូវបានផ្ទេរភារកិច្ច ជាអភិបាលរងស្រុកស្អាងវិញ។

លោក អភិបាលរងខេត្ត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកលើកដែក ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ត កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍស្រុកលើកដែក ឱ្យសម្រេចបាន សមិទ្ធផល និងមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានឲ្យ មានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ គ្រោះថ្នាក់នានា ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយ ភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ អាជ្ញាធរស្រុកលើកដែក ត្រូវបន្តថែរក្សា និងពង្រឹងសន្តិសុខ ជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងមូល ពិសេសការបង្ការ និងការបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ និងត្រូវបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

លោក នុត ពុធដារ៉ា ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៃរដ្ឋបាលស្រុកលើកដែក សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយលោកស្រី សែម ចាន់ថូ អភិបាលរង ស្រុកលើកដែក ដែលទើបផ្ទេរភារកិច្ចនាថ្ងៃនេះ ដើម្បីរួមគ្នាថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងខិតខំរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍស្រុកលើកដែក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





