អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋ នាំសត្វពាហនៈរបស់ខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺឆ្លង
AKP កំពង់ចាម ថ្ងៃទី ២០ខែ កក្កដា ឆ្នាំ២០២៦-- ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវនាំសត្វពាហនៈរបស់ខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងដល់សត្វព្រោះរដូវនេះជារដូវវស្សាជំងឺឆ្លងរាតត្បាតផ្សេងៗតែងតែកើតមាន ឡើង ចំពោះសត្វពាហនៈគ្រប់ប្រភេទពិសេសសត្វគោក្របី ក៏ដូចជាដើម្បីចូលរួមការពារសុខភាពសត្វ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងការពារសុខភាពយើងទាំងអស់គ្នា។ 
ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាកសិករ នាព្រឹកថ្ងៃទី២០កក្កដា ឆ្នាំ ២០២៦ នេះ ក្នុងស្រុកកងមាសខេត្តកំពង់ចាម។

ឯកឧត្តម បានបញ្ជាក់ថាការបើកយុទ្ធ នាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាកសិករគឺដើម្បី ចូលរួមទប់ស្កាត់ និងការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមាន ឡើង ចំពោះសត្វពាហនៈ ដោយរដូវនេះជារដូវរដូវវស្សា ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយមន្ត្រីជំនាញ នាំសត្វមក ចាក់ថ្នាំការពារទប់ស្កាត់ នូវជំងឺឆ្លងផ្សេងៗចំពោះសត្វពាហនៈ ។ ប្រជាពលរដ្ឋត្រូវ យកសត្វរបស់ខ្លួនមកចាក់ថ្នាំ ព្រោះ យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជម្ងឺដល់សត្វមិនមានយកកម្រៃឡើយ។ ក្នុងករណីរ មានស្ថានភាពជម្ងឺសត្វ ផ្សេងៗត្រូវរាយការណ៍ ដល់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ដើម្បីចុះពិនិត្យ និងធ្វើ អន្តរាគមន៍ចាក់ថ្នាំការពារ និងព្យាបាលដល់សត្វបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជំងឺរីករាលដាលធ្ងន់ធ្ងរ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេ ត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាព លរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ត្រូវចេះ សំអាតថែរក្សាបរិវេណ ជុំវិញលំនៅឋានរបស់ខ្លួន ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺ គ្រុនឈាម។ ក្នុងករណីកូនចៅក្តៅខ្លួនសង្ស័យកើតនូវជំងឺអ្វីមួយ ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌល សុខភាព ឬមន្ទីរពេទ្យជាបន្ទាន់៕

ដោយ៖ ឆាយ ម៉ុត





