សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ "បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌"
AKP កំពង់ធំ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--កាលពីរសៀលថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត និងបណ្ដាសប្បុរសជនគ្រប់ជាន់ថ្នាក់នៃមូលដ្ឋានរដ្ឋបាលខេត្តកំពង់ធំប្រមាណ ៤០០នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាខេត្ត បានអញ្ជើញធ្វើការបង្ហាញពីសមិទ្ធផលដែលសាខាបានអនុវត្តន៍ទៅបានជោគជ័យកាលពីឆ្នាំ២០២៥កន្លងទៅ ក្រោមកិច្ចជួយទំនុកបម្រុងលើការកៀរគរនូវកញ្ចប់ថវិកាទ្រទ្រង់ពីសំណាក់សប្បុរសជនជូនដល់អង្គពីធី។

បន្ទាប់ពីបានទទួលព័ត៌មានសង្ខេបនូវរបាយការណ៍សកម្មភាពឆ្នាំ២០២៥រួចមក ឯកឧត្តម វង្សី វិស្សុត ប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសគាំទ្រនូវសកម្មភាពមនុស្សធម៌របស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ហើយសាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះទៅជួយបម្រើសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបងប្អូនជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ ស្របតាមប្រធានបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌"។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនៅក្នុងឱកាសនេះ គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែកផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕


ដោយ ស៊ុម វណ្ណា





