រដ្ឋបាលបាត់ដំបង បិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
AKP បាត់ដំបង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--រដ្ឋបាលបាត់ដំបង នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង គូសបញ្ជាក់ថា រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សហគមន៍កសិកម្ម ម្ចាស់ចំការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងព្រឹត្តិការណ៍នេះមានម្ចាស់ចំការសរុប ៣៦ ស្នើសុំដាក់តាំងលក់ផ្លែឈើសរុប ៥៧ស្តង់មានការកើនឡើងជិត៣ដងបើប្រៀបធៀបកាលពីឆ្នាំ២០២៥ហើយផ្លែឈើជាច្រើនប្រភេទរួមមាន៖ទុរេន ដូងក្រអូប សាវម៉ាវ លម៉ើ ប័រ ម្នាស់ ក្រូច និងផ្លែឈើដទៃទៀតសរុបរាប់សិនតោនត្រូវបានលក់ដាច់ខ្លាំង។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពល្អប្រសើរ។ ឯកឧត្តម លើកទឹកចិត្តដល់កសិករជាម្ចាស់ចំការត្រូវខិតខំពង្រីកការដាំដុះឱ្យស្របតាមស្ដង់ដារបច្ចេកទេសកសិកម្ម ពង្រឹងគុណភាពកសិផល និងការពារឱ្យបាននូវអត្តសញ្ញាណផលិតផលអ្នកបាត់ដំបងដើម្បីទទួលបានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត។

ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពលវិស័យកសិកម្ម និងវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលផ្លែឈើព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុកជាច្រើនប្រភេទសំដៅរួមចំណែកលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក បង្កើនឱកាសទីផ្សារសម្រាប់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងវិស័យទេសចរណ៍របស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើន៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





